បន្តថែរក្សានិងពូនជ្រុំទំនាក់ទំនងវៀតណាម-កម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍
(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត៖ VOV) |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះដំណើរ ទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយមានអត្ថន័យសំខាន់ រួមចំណែកក្នុងការពង្រឹង និងបង្កើតសញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ស្ថិតនៅឧបទ្វីបឥណ្ឌូចិន ចែករំលែកជួរភ្នំ Truong Son និងទន្លេមេគង្គ មានប្រភពដូចគ្នាពីបក្សកុម្មុយនិស្តឥណ្ឌូចិន បានរួបរួម និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីជំនះពុះពាររាល់ការលំបាក ដូច្នេះក្នុងដំណាក់កាលថ្មី ភាគីទាំងពីរចាំបាច់ត្រូវ បន្តថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍។ លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងកិច្ចព្រមព្រៀង សហប្រតិបត្តិការក្នុងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ដែលក្នុងនោះសង្កត់ធ្ងន់ថា រដ្ឋាភិបាលទាំងពីរត្រូវការដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ជំរុញកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន និងបទពិសោធន៍ បង្កើតរបក គំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រឹងការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ សម្របសម្រួលយ៉ាង ជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិផងដែរ។
រីឯខ្លួនវិញ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជានឹងរួម ជាមួយ
វៀតណាម ការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យបន្ត អភិវឌ្ឍន៍ឡើងកំពស់ថ្មី ហើយបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយៗ។ សម្ដេចនាយករដ្ឋ មន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ វៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀង រវាង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការ ថែរក្សា ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃ ប្រទេសទាំងពីរ ក៏ដូចជារវាងបក្សទាំងបី និងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវផងដែរ៕