បំផុស “សប្តាហ៍អាវផាយ” ឆ្នាំ ២០២៤ និងកម្មវិធីសិល្បៈ “ព៌ណ៌សម្រស់នៃអាវផាយវៀតណាម”

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែកុម្ភៈ នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំកម្មវិធី “សប្តាហ៍អាវផាយ” ឆ្នាំ ២០២៤ និងកម្មវិធីសិល្បៈ “ពណ៌សម្រស់នៃអាវផាយវៀតណាម”។ អតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមកម្មវិធីនេះ។

បំផុស “សប្តាហ៍អាវផាយ” ឆ្នាំ ២០២៤ និងកម្មវិធីសិល្បៈ “ព៌ណ៌សម្រស់នៃអាវផាយវៀតណាម” - ảnh 1ការសម្តែងសិល្បៈ “ពណ៌សម្រស់នៃអាវផាយវៀតណាម” (រូបថត៖ Phuong Hoa/TTXVN)

ថ្លែងមតិក្នុងពិធីបើក ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Ha Thi Nga បានចាត់ទុកថា មហោស្រពអាវផាយ គឺជាសកម្មភាពដើម្បីរួមចំណែកលើកតម្កើងតម្លៃរបស់អាវផាយវៀតណាម; ជម្រុញក្តីស្រឡាញ់ មោទនភាព និងទំនួលខុសត្រូវក្នុងការថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌអាវផាយក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ក៏ជាឱកាសដើម្បីឧទ្ទេសនាមអំពីវប្បធម៌ ប្រទេសជាតិ និងប្រជាជនវៀតណាមនិយាយរួម និងស្ត្រីវៀតណាមនិយាយដោយឡែកទៅកាន់មិត្តភ័ក្តិជាតិ និងអន្តរជាតិ៖

“សម្ព័ន្ធសមាគមនារីវៀតណាម មានបំណងចង់រួមចំណែកបំផុសគំនិត និងផ្សព្វផ្សាយសារដ៏មានអត្ថន័យ និងវិជ្ជមានអំពីសេចក្តីស្រឡាញ់ មោទនភាពជាតិ អំពីប្រទេសជាតិ ប្រជាជន និងអាវផាយវៀតណាម ទៅកាន់មហាជន។ ទន្ទឹមនឹងនោះ រួមចំណែកលើកតម្កើងតម្លៃរបស់អាវផាយឲ្យឆាប់ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ហើយជាងនេះទៅទៀតជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ យើងគួរតែរួមដៃគ្នាផ្សព្វផ្សាយរូបភាពអាវផាយឲ្យទូលំទូលាយ ដើម្បីរួមចំណែកអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិវៀតណាម”។

“សប្តាហ៍អាវផាយ”  ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមិនា ទូទាំងប្រទេស ដើម្បីបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងសហគមន៍ និងជម្រុញការទទួលខុសត្រូវក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ