បម្រើតម្រូវការធ្វើដំណើរជូនបងប្អូនជនរួមជាតិតាមផ្លូវអាកាសក្នុងឱកាសបុណ្យតេត ២០២២
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឱ្យអគ្គក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីសន្តិសុខ សុវត្ថិភាព និងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។
លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ២០ មករា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ និងជាប្រធានគណៈកម្មាធិការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិ បានអញ្ជើញចុះត្រួតពិនិត្យការងារធានាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍ និងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ។
តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែង លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូនធ្វើការជាបន្ទាន់ជាមួយអាជ្ញាធរអាកាសចរណ៍នៃប្រទេសនានា ដើម្បីឯកភាពគ្នាលើការបង្កើនចំនួនជើងហោះហើរអន្តរជាតិ ដោយឆ្លើយតបនឹងតម្រូវការវិលត្រឡប់មកប្រទេសវិញរបស់ជនរួមជាតិ ក្នុងឱកាសបុណ្យតេត ២០២២ ហើយចាំបាច់ត្រូវផ្ដោតសំខាន់លើប្រទេស ដែលមានពលរដ្ឋវៀតណាមរស់នៅ និងធ្វើការយ៉ាងច្រើនកុះករ និងបណ្ដាប្រទេស ដែលបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងល្អប្រសើរដូចជាអូស្ត្រាលី និងបណ្តាប្រទេសអឺរ៉ុប។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឱ្យអគ្គក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីសន្តិសុខ សុវត្ថិភាព និងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕