ប្រគល់ពានរង្វាន់គំរូវ័យក្មេងឆ្នើមរបស់វៀតណាម ឆ្នាំ ២០២២
(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានសម្របសម្រួលជាមួយមូលនិធិគាំទ្រទេពកោសល្យវ័យក្មេងវៀតណាម ដើម្បីរៀបចំពិធីប្រគល់ពានរង្វាន់គំរូវ័យក្មេងឆ្នើមវៀតណាមឆ្នាំ ២០២២។
ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Bui Thi Minh Hoai និងលេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត Bui Quang Huy បានប្រគល់ពានរង្វាន់គំរូវ័យក្មេងឆ្នើមវៀតណាមឆ្នាំ ២០២២ (រូបថត៖ dangcongsan.vn) |
គំរូវ័យក្មេងឆ្នើមវៀតណាមឆ្នាំ ២០២២ ទាំង ១០ រូប គឺជាអ្នកដែលបង្កើតការទាក់ទាញ នៅក្នុងសហគមន៍ជាមួយនឹងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍។ លេចធ្លោដូចជា៖ លោកបណ្ឌិត Truong Thanh Tung សាកលវិទ្យាល័យ Phenika ទីក្រុងហាណូយ ជាមួយនឹងស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន; អនុសេនីយ៍ទោ Duong Hai Anh ជាមួយដំណើរស្ម័គ្រចិត្ត ភ្ជាប់ចិត្តសប្បុរសជាច្រើន រួមដៃគ្នាជួយកុមារនៅតំបន់ព្រៃភ្នំ; វិស្វករ Nguyen Van Thien Vu ច្នៃយន្តហោះគ្មានមនុស្សបើក អនុវត្តបច្ចេកវិទ្យានេះក្នុងវិស័យកសិកម្ម។ សិល្បការិនី Ha Myo មានការច្នៃប្រឌិតដោយនាំយកតន្ត្រីបេតិកភណ្ឌដូចជាចម្រៀង Xam, Xoan… ខិតមកជិត ជាមួយទស្សនិកជនវ័យក្មេង…។ ថ្លែងក្នុងកម្មវិធី លេខាទីមួយនៃសម្ព័ន្ធយុវជនមជ្ឈិម Bui Quang Huy បានសង្កត់ធ្ងន់ថា៖ “ទេពកោសល្យត្រូវតែភ្ជាប់ជាមួយនឹងគុណសម្បត្ដិសីលធម៌ "ទេពកោសល្យ" ត្រូវតែដើរទន្ទឹមគ្នាជាមួយ "សីលធម៌" ដើម្បីបង្កើតបុគ្គលិកលក្ខណៈដ៏ទូលំទូលាយរបស់មនុស្សម្នាក់ៗ។ ដូច្នេះហើយ ក្រៅពីការ “បណ្តុះបណ្តាលទេពកោសល្យ” អ្នកត្រូវយកចិត្តទុកដាក់លើការ “ហត់ពត់លត់ដំសីលធម៌”។ ដើម្បីសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃនេះគឺពិបាកណាស់ ប៉ុន្តែការរក្សា និងអភិវឌ្ឍសមិទ្ធិផលទាំងនោះគឺរឹតតែពិបាកជាង។ ខ្ញុំសង្ឃឹមថាអ្នកបន្តតាំងចិត្តខ្លួនឯងដោយទំនុកចិត្ត និងតស៊ូលើផ្លូវលំបាក ប៉ុន្តែក៏ពោរពេញដោយផ្លូវដ៏រុងរឿងដែលអ្នកបានជ្រើស រើស”។
ពានរង្វាន់គំរូវ័យក្មេងឆ្នើមវៀតណាម មានគោលបំណងបង្កើតការលើកទឹកចិត្តដើម្បីអភិវឌ្ឍទេពកោសល្យវ័យក្មេង និងជំរុញចលនានៃការប្រឡងប្រណាំងក្នុងការសិក្សា ការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ កម្លាំងពលកម្ម ការច្នៃប្រឌិត ... ក្នុងចំណោមយុវជន; ទាក់ទាញការយកចិត្តទុកដាក់ពីគ្រប់លំដាប់ថ្នាក់ សាខា និងសង្គមទាំងមូលចំពោះបុព្វហេតុនៃការអប់រំ និងការបណ្តុះយុវជនជំនាន់ក្រោយ៕