បារាំងនិងអង់គ្លេសឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី
(VOVWORLD) - លោកប្រធានាធិបតីបារាំងបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចធ្វើសហការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មីដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសផ្នែកថាមពល និងការពារ ជាតិ។
កាលពីថ្ងៃទី ២៨ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron និង នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Rishi Sunak បានធ្វើការសន្ទនាតាមទូរស័ព្ទជាលើក ដំបូងចាប់តាំងពីលោក Sunak ឡើងកាន់អំណាច។ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីកង្វល់រួម ដូចជាការប្រែប្រួលអាកាសធាតុ ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិថាមពលអឺរ៉ុប។ លោកប្រធានាធិបតីបារាំងបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចធ្វើសហការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មីដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសផ្នែកថាមពល និងការពារជាតិ។ ភាគីទាំងពីរបានឯកភាពជួបទល់មុខគ្នានៅឆ្នាំ២០២៣។
អ្នកនាំពាក្យនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា លោក Sunak បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើសកម្មភាពរួមគ្នាដើម្បីបញ្ឈប់ការជួញដូរមនុស្សតាមច្រកសមុទ្រ Manche។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ស្ថានភាពនេះ៕