បារាំងនិងអាមេរិកខិតខំប្រឹងប្រែងតភ្ជាប់ទំនាក់ទំនងទ្វេភាគី
(VOVWORLD) - នៅថ្ងៃទី៥ ខែតុលា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ប្រធានាធិបតីបារាំង Emmanuel Macron និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken (ប្រភព៖ GettyImages) |
នេះគឺជាដំណើរទស្សនកិច្ច ទៅកាន់បារាំងជាលើកដំបូងរបស់ មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ ចាប់តាំងពីពេលដែលទំនាក់ទំនងរវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរនេះបានធ្លាក់ចូលក្នុង វិបត្តិដោយ សារតែភាពចម្រូង ចម្រាសពាក់ព័ន្ធនឹងកិច្ចសន្យា ទិញនាវាមុជទឹកដែលត្រូវបាន លុបចោលរវាងបារាំងនិងអូស្ត្រាលី។ វិមាន Elysee បានវាយតម្លៃដំណើរទស្សនកិច្ចរបស់លោក Blinken ថា នឹង “រួមចំណែកក្នុងការស្តារទំនុកចិត្តឡើងវិញ”។
ក្នុងកំឡុងពេលស្នាក់នៅបារាំង លោករដ្ឋមន្ត្រីការបរទេស Blinken ក៏បានជួបជាមួយមន្រ្តីបារាំង ដើម្បីពិភាក្សាអំពីវិធីស្តារទំនាក់ទំនងឡើងវិញ ក្រោយពីភាពតានតឹងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាវាមុជទឹក ដែលបណ្តាលឱ្យបារាំងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននៅវ៉ាស៊ីនតោន ត្រឡប់ទៅបារាំងវិញ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីផែនការរៀបចំកិច្ចប្រជុំរវាងប្រធានាធិ បតី Macron និងសមភាគីអាមេរិកលោក Joe Biden នៅខែតុលានេះ។ លោក Blinken បានអះអាងថា បារាំងនិងអាមេរិកនឹងបន្តសហការជាមួយគ្នាក្នុងបញ្ហាអន្តរជាតិជាច្រើនដែលប្រទេសទាំងពីរមានផលប្រយោជន៍រួមគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃសហ ភាពអឺរ៉ុបនិងអង្គការណាតូ នៅទ្វីបអាហ្រ្វិកក៏ដូចជានៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកផងដែរ៕