បារាំងបានព្រមានពីការពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងទ្វេភាគីជាមួយអង់គ្លេស

(VOVWORLD) - ថ្លែងនៅចំពោះមុខរដ្ឋសភានាថ្ងៃទី ៥ ខែតុលា នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បានឲ្យដឹងថា លោកបានស្នើឱ្យគណៈកម្មការអឺរ៉ុប (EC) ប្រកាន់ជំហរតឹងរ៉ឹងជាង ចំពោះការវិវាទរវាងបារាំងនិងអង់គ្លេសអំពីសិទ្ធិនេសាទត្រី ដោយបានចាត់ទុកថា អង់គ្លេសមិនគោរពការសន្យាក្នុងបញ្ហានេះ តាមកិច្ចព្រមព្រៀង Brexit។ 

នាយករដ្ឋមន្ត្រីបារាំងបានបញ្ជាក់ថា ប្រសិនបើការពឹងផ្អែកលើច្បាប់របស់សហភាពអឺរ៉ុបមិននាំមកនូវប្រសិទ្ធភាពនោះទេ បារាំងនឹង "បញ្ជូនបញ្ហានេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល (កិច្ចព្រមព្រៀង Brexit) ដើម្បីបង្ខំឱ្យអង់គ្លេស គោរពតាមពាក្យរបស់ពួកគេ" ហើយបើចាំបាច់ បារាំងនឹងពិចារណាឡើងវិញនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីជាមួយអង់គ្លេស។

មុននោះនៅថ្ងៃទី២៩ ខែកញ្ញា បារាំងបានចោទប្រកាន់អង់គ្លេសថាកំពុងលេង “ល្បែងនយោបាយ” ជាមួយសិទ្ធិនេសាទនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit បន្ទាប់ពីទីក្រុងឡុងដ៍បានបដិសេធ ៣/៤ នៃការស្នើសុំផ្តល់អាជ្ញាប័ណ្ណនេសាទពីទូកនេសាទតូចៗរបស់បារាំង។ រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្របារាំងលោកស្រី Annick Girardin បានសង្កត់ធ្ងន់ថា ការដែលអង់គ្លេសមិនអនុម័ត ផ្តល់អាជ្ញាប័ណ្ណនេសាទដល់នាវានេសាទបារាំងភាគច្រើន គឺជាការបដិសេធមិនអនុវត្តកិច្ចព្រមព្រៀង Brexit ហើយទីក្រុងឡុងដ៍មិនគួរប្រើឧប្បត្តិហេតុនេះសម្រាប់គោលបំណងនយោបាយឡើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ