ប្រជាជនគុយបាទៅបោះឆ្នោតដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មី
(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ អ្នកបោះឆ្នោតគុយបាប្រមាណ ៨.៦ លាននាក់ បានចូលរួមក្នុងការធ្វើប្រជាមតិដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មី ដោយបានចាត់ទុកថានេះគឺជាឯកសារកំណត់ដំណាក់កាលអភិវឌ្ឍថ្មីរបស់ប្រទេសកោះ Caribe នេះ។
ប្រជាជនគុយបាទៅបោះឆ្នោតដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មី |
តួលេខផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់គុយបាបានឱ្យដឹងថា មណ្ឌលបោះឆ្នោតសរុបចំនួន ២៤.៤៧០ កន្លែង ត្រូវបានបើកនៅក្នុងខណ្ឌនិងស្រុកចំនួន ១៦៨ នៅទូទាំងប្រទេសគុយបា ដើម្បីទទួលអ្នកបោះឆ្នោតប្រើសិទ្ធិបោះឆ្នោតរបស់ខ្លួន ហើយមានមន្រ្តី អ្នកស្ម័គ្រចិត្ត សមាជិកយុវវ័យជាង ៤០០.០០០ នាក់ ក៏ត្រូវបានកៀងគរ ដើម្បីធានាដំណើរការបោះឆ្នោតរយៈពេល ១១ ម៉ោងនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ ថ្លែងមតិបន្ទាប់ពីទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ៣ ខ័ណ្ឌ Playa ទីក្រុង La Habana ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel Bermúdez បានវាយតម្លៃថា សេចក្តីព្រាងច្បាប់កំពូលថ្មីរបស់គុយបា គឺជា "រដ្ឋធម្មនុញ្ញទំនើបៗ ដោយបានកំណត់រដ្ឋសង្គមនិយមមួយអាស្រ័យរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យសម្របសម្រួលដំណើរការចាំបាច់ និងបោះជំហានយ៉ាងម៉ឺងម៉ាត់ថែមទៀត ក្នុងការកសាងទម្រង់សេដ្ឋកិច្ច-សង្គម"។ លទ្ធផលបឋមនៃការធ្វើប្រជាមតិគ្រោងនឹងប្រកាសនាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះតាមម៉ោងតំបន់ផងដែរ៕