ប្រជាជននៃប្រទេសជាច្រើន នៅតែត្រូវបន្តពាក់ម៉ាស់ និងអនុវត្តការរក្សាគម្លាតសង្គម ដើម្បីធានាសុវត្ថិភាព
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែមីនា ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៤៩,៤៧លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦លាននាក់។
បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យនៅ Coral Gables ក្បែរទីក្រុង Miami សហរដ្ឋអាមេរិក។ (រូបថត៖ AFP/ TTXVN) |
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១.៥៨លាននាក់បន្ថែមទៀត ក្នុងនោះកូរ៉េខាងត្បូងជាប្រទេសដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុត គឺ ៣៤២,៤ ពាន់ករណី។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
អ្នកជំនាញសុខភាពអាមេរិកបានព្រមានថា ជំងឺរាតត្បាតកូវីដ-១៩ ទំនងជាមិនអាចលុបបំបាត់ក្នុងពេលឆាប់ៗនេះទេ ហេតុដូច្នេះហើយ ប្រជាជនត្រូវបន្តអនុវត្តការពាក់ម៉ាស់ និងអនុវត្តការរក្សាគម្លាតសង្គម ប្រសិនបើបរិមាណអ្នកឆ្លងជំងឺកើនឡើងនៅក្នុងតំបន់រស់នៅរបស់ខ្លួន។ អ្នកជំនាញរោគរាតត្បាតនៃមន្ទីរពេទ្យ NYC Health+ លោកស្រី Syra Madad បានព្រមានថា សូម្បីតែកម្រិតឆ្លងជំងឺក្នុងសហគមន៍ទាបក៏ដោយ មិនមានន័យថា ហានិភ័យនៃការផ្ទុះឡើងនៃជំងឺត្រូវបានលុបបំបាត់ទាំងស្រុងនោះទេ។ យោងតាមអ្នកជំនាញនេះ នៅក្នុងតំបន់ដែលត្រូវបានចាត់ទុកថា មានកម្រិតឆ្លងជំងឺក្នុងសហគមន៍ខ្ពស់ ប្រជាជនត្រូវអនុវត្តវិធានការបង្ការជំងឺរាតត្បាតដែលបានណែនាំ។ នៅតំបន់ដែលមានកម្រិតឆ្លងជំងឺទាប ឬមធ្យម ការពាក់ម៉ាស់ និងរក្សាគម្លាតសង្គម គឺជាមធ្យោបាយដើម្បីជួយធានាសុវត្ថិភាព និងសុខភាពរបស់ប្រជាជនម្នាក់ៗ៕