ប្រជាជនវៀតណាមទូទាំងប្រទេសអំណរបុណ្យតេតឯករាជ្យ
(VOVWORLD) - ថ្ងៃទី ២ ខែកញ្ញា គឺជាថ្ងៃដ៏ពិសេស និងមានអត្ថន័យសម្រាប់ប្រជាជនវៀតណាម ម្នាក់ៗ។ នោះគឺជាទិវាបុណ្យជាតិ ទី ២ កញ្ញា ឬដែលបានហៅថាបុណ្យតេតឯករាជ្យ។ ប្រជាជនទូទាំងប្រទេសបានអំណរបុណ្យតេតឯករាជ្យជាតិលើកទី ៧៩ ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន។
នៅទីលាន Ba Dinh នាព្រឹកថ្ងៃទី ២ កញ្ញា ប្រជាជនរដ្ឋធានី និងភ្ញៀវទេសចររាប់ពាន់នាក់បានចូលរួមពិធីបង្ហូតទង់ជាតិ អបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិ។ បន្ទាប់ពីពិធីបង្ហូតទង់ជាតិរួច ប្រជាជនមកពីគ្រប់ទិសទីក្នុងទូទាំងប្រទេសបានចូល វិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
សារមន្ទីរហូជីមិញនៅទីក្រុង Hue ជាកន្លែងដែលរក្សាទុកនិងដាក់តាំងបង្ហាញរូបភាព ឯកសារ និងវត្ថុដ៏មានតម្លៃជាង ១៨ ពាន់អំពីលោកប្រធានហូជីមិញក្នុងរយៈពេលជិត ១០ ឆ្នាំដែលលោកប្រធាននិងក្រុមគ្រួសាររស់នៅ និងសិក្សានៅទីក្រុង Hue។ នៅទី នេះ ប្រជាជននិងភ្ញៀវទេសចរត្រូវបានណែនាំ និងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ ឆាកជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ។ លោកស្រី Vu Thi Ngan ភ្ញៀវទេស ចរនៅទីក្រុងហាណូយ បានសម្ដែងអារម្មណ៍ថា៖ “ក្រឡែកមើលរូបភាព និងវត្ថុក្នុងសារមន្ទីរនេះ ខ្ញុំហាក់ដូចជា កំពុងវិលត្រឡប់ មកប្រវត្តិសាស្ត្រវិញ។ ជាពិសេសគឺសម័យលោកប្រធានហូជីមិញ រស់នៅទីនេះក្នុង រយៈពេលកុមារភាព រហូតដល់ពេលទៅសាលារៀន រួចចេញទៅស្វែងរកមាគ៌ាសង្គ្រោះ ជាតិ។ ខ្ញុំមានការដឹងគុណនិងគោរពកាន់តែខ្លាំងថែមទៀតចំពោះគុណបំណាច់របស់លោកប្រធានចំពោះប្រជាជន និងប្រទេសជាតិ”។
នៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅភាគកណ្តាល - Sun World Ba Na Hills ស្ពានមាសក្នុងប៉ុន្មានថ្ងៃនេះត្រូវបានតុបតែងយ៉ាងភ្លឺត្រចះត្រចង់ជាមួយនឹងទង់ ជាតិរាប់រយផ្ទាំង។ ភ្ញៀវទេសចរជាច្រើនកុះករក៏បានស្លៀកពាក់អាវ និងមួកដួនដែល មានបោះពុម្ពទង់ជាតិវៀតណាមនៅពេលទៅទស្សនាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅទីក្រុង Da Nang មួយនេះផងដែរ៕