ប្រតិកម្មរបស់បណ្តាប្រទេសអ៊ីស្លាម ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលទៅកាន់វិហារអ៊ីស្លាម Al-Aqsa
(VOVWORLD) - កាលពីថ្ងៃទី ៣ ខែមករា រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លោក Itamar Ben-Gvir បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម Twitter ដែលបង្ហាញថា លោកបានទៅទស្សនាទីលានវិហារអ៊ីស្លាម Al-Aqsa ដែលអ៊ីស្រាអែលបានហៅថា “ភ្នំប្រាសាទ” ក្នុងទីក្រុង ហ្សេរុយសាឡឹម - ទីសក្ការបូជាដ៏ពិសិទ្ធ សម្រាប់ទាំងជនជាតិជ្វីហ្វ និងជនអ៊ីស្លាម។ ដំណើរទស្សនកិច្ចនេះបានបង្កឲ្យមានប្រតិកម្មពីប្រទេសអ៊ីស្លាមជាច្រើន។
ទីលានវិហារអ៊ីស្លាម Al-Aqsa នៅក្រុងហ្សេរុយសាឡឹម ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់តំបន់នេះក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ មិនមានសញ្ញាដែលថាលោក Ben-Gvir ចូលក្នុងប្រាសាទនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានព្រមានថា ដំណើរទស្សនកិច្ចរបស់លោក Ben-Gvir នឹងជំរុញឱ្យមានអំពើហិង្សា និងបង្កើនភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ចំពោះសកម្មភាពរបស់លោក Ben-Gvir មេដឹកនាំប្រទេសអ៊ីស្លាមជាច្រើនបានបញ្ចេញប្រតិកម្ម។
អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន(PLO) លោក Hussein Al-Sheikh បានចាត់ទុកថា ការដែលលោក Ben-Gvir ទៅទស្សនាវិហារអ៊ីស្លាម Al-Aqsa ក្នុងនាមជារដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល គឺជា"ការបង្ករឿងហេតុ"។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បានហៅដំណើរទស្សនកិច្ចនេះថា ជាការប៉ុនប៉ង់របស់អ៊ីស្រាអែលសំដៅបង្វែរវិហារអ៊ីស្លាម Al-Aqsa ទៅជាព្រះវិហាររបស់ជនជាតិជ្វីហ្វ។ រីឯខ្លួនវិញ ចលនាជីហាតអ៊ីស្លាមនៅតំបន់ហ្គាហ្សាបានព្រមានថា ការដែលលោក Ben Gvir ចូលទៅក្នុងវិហារ នឹង "បើកទ្វារឱ្យមានការបះបោរជាសាធារណៈ"។
ក្នុងសេចក្តីប្រកាសនាថ្ងៃទី៣ ខែមករា ក្រសួងការបរទេសហ្ស៊កដានី បានប្រឆាំងជំទាស់នឹងដំណើររបស់លោក Ben Gvir ទៅកាន់វិហារ Al-Aqsa។ ក្នុងសកម្មភាពស្រដៀងគ្នានោះ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ក៏បានប្រឆាំងជំទាស់នឹងណើររបស់មន្ត្រីអ៊ីស្រាអែលទៅកាន់វិហារ Al-Aqsa ផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣ ខែមករា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាថា នឹង "រក្សាឱ្យបានតឹងរ៉ឹងនូវស្ថានភាពដដែល" នៅឯទីលានវិហារអ៊ីស្លាម Al-Aqsa ៕