ប្រទេស តំបន់​ដែនដី និងអង្គការចំនួន ១៣ ហាមប្រាម TikTok

(VOVWORLD) - TikTok កំពុងប្រឈមមុខនឹងការហាមឃាត់បណ្តោះអាសន្ន ហាមឃាត់ទាំងស្រុងនិងការស៊ើបអង្កេតជាបន្តបន្ទាប់នៅក្នុងប្រទេសជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ មានប្រទេស តំបន់ដែនដី និងអង្គការចំនួន ១៣ ដែលបានហាមប្រាម Tiktok នៅលើឧបករណ៍របស់ការងារបុគ្គលិក
ប្រទេស តំបន់​ដែនដី និងអង្គការចំនួន ១៣ ហាមប្រាម TikTok - ảnh 1រូបតំណាងកម្មវិធី TikTok ។ រូបថត៖ AFP/TTXVN

នាពេលថ្មីៗនេះ កាលពីថ្ងៃទី ៤ ខែមេសា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អូស្ត្រាលី លោក Mark Dreyfus បានឲ្យដឹងថា ប្រទេសនេះនឹងដកកម្មវិធី TikTok ចេញពីឧបករណ៍របស់រដ្ឋាភិបាលសហព័ន្ធទាំងអស់ ដោយសារតែការព្រួយបារម្ភក្នុងការរក្សាព័ត៌មានសម្ងាត់ ហើយការហាមឃាត់នេះនឹងចូលជាធរមាន"យ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាន"។ កាយវិការនេះបានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់ប្រទេសអូស្ត្រាលី ដែលថា TikTok-ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance អាចត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់លោកខាងលិច។

ជាមួយនឹងការហាមប្រាមរបស់អូស្ត្រាលី សមាជិកទាំង៥នៃសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់ Five Eyes (អូស្ត្រាលី កាណាដា អាមេរិក អង់គ្លេស និងនូវែលសេឡង់) បានហាមឃាត់ TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាល។ ប្រទេស បារាំង បែលហ្សិក និងគណៈកម្មការអឺរ៉ុប ក៏បានប្រកាសការហាមប្រាមស្រដៀងគ្នានេះដែរ។ ដូច្នេះ រហូតមកដល់ពេលនេះ មានប្រទេស តំបន់ដែនដី និងអង្គការចំនួន ១៣ ដែលបានហាមប្រាម Tiktok នៅលើឧបករណ៍របស់ការងារបុគ្គលិក រួមមាន៖ ដាណឺម៉ាក បែលហ្សិក ឥណ្ឌា តៃវ៉ាន់ (ចិន) អាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់ ន័រវេស ហូឡង់  អង់គ្លេស បារាំង និងគណៈកម្មការអឺរ៉ុប (EC)។ ប្រទេសចំនួន៣ដែលបានហាមឃាត់ទាំងស្រុង រួមមាន ហ្ស៊កដានី ឥណ្ឌា និងអាហ្វហ្គានីស្ថាន។ លើសពីនេះ ឥណ្ឌូនេស៊ី និងប៉ាគីស្ថានក៏បានដាក់បម្រាមបណ្តោះអាសន្នលើវេទិកានេះម្តងហើយម្តងទៀតផងដែរ។

ពាក់ព័ន្ធនឹង TikTok កាលពីម្សិលមិញ ការិយាល័យស្នងការព័ត៌មាន (ICO ដែលជាអ្នកឃ្លាំមើលទិន្នន័យរបស់ចក្រភពអង់គ្លេស) បានប្រកាសថា ខ្លួនបានជាក់ពិន័យ TikTok ១២,៧ លានផោន (ស្មើរនឹង ១៥,៩ លានដុល្លារអាមេរិក) សម្រាប់ការបំពានច្បាប់ការពារទិន្នន័យ រួមទាំងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់កុមារមានអាយុក្រោម ១៣ឆ្នាំ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ។ ICO បានឲ្យដឹងថា ការបំពានទិន្នន័យនេះបានកើតឡើងនៅចន្លោះខែឧសភា ឆ្នាំ ២០១៨ ដល់ខែកក្កដា ឆ្នាំ ២០២០ ហើយកម្មវិធីចែករំលែកវីដេអូខ្លីៗនេះ មិនដំណើរការគ្រប់គ្រាន់ដើម្បីពិនិត្យមើលថា តើអ្នកណាកំពុងប្រើប្រាស់ TikTok និងលុបចោលគណនីរបស់កុមារក្រោមអាយុប្រើប្រាស់នោះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ