ប្រទេសចិនមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ១ ខែតុលា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Cui Tiankai បានបញ្ជាក់ថា ប្រទេសចិនប្តេជ្ញាឆ្ពោះទៅរកការអភិវឌ្ឍដ៏ល្អប្រសើរនិងស្ថិរភាពនូវទំនាក់ទំនងអាមេរិក - ចិន បើទោះបីជាទំនាក់ទំនងទ្វេភាគីកំពុងជួបការលំបាកធ្ងន់ធ្ងរក៏ដោយ។
ប្រទេសចិនមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក - ảnh 1 ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Cui Tiankai (រូបថត៖ THX/TTXVN)

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយតាមប្រព័ន្ធវីដេអូក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិចិន និងពិធីបុណ្យសំពះព្រះខែ លោក ឯកអគ្គរដ្ឋទូត Cui Tiankai បានលើកច្បាស់ថា គោលនយោបាយរបស់ចិនជាមួយអាមេរិកនៅតែមានស្ថិរភាពនិងឯកភាព ហេតុដូច្នេះ ទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដោយផ្អែកលើសុឆន្ទៈនិងភាពស្មោះត្រង់។

លោក Cui Tiankai បានបន្ថែមទៀតថា ប្រទេសទាំងពីរគួរតែនាំទំនាក់ទំនងទ្វេភាគីឲ្យវិលត្រឡប់ទៅរកទិសដៅត្រឹមត្រូវវិញដោយមិនមានជម្លោះនិងគ្មានការខ្វែងគំនិតនឹងគ្នាដោយឈរលើគោលការណ៍គោរពនិងសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សេចក្តីថ្លែងការណ៍របស់លោកឯកអគ្គរដ្ឋទូត Cui Tiankai ត្រូវបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនដែលកំពុងធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ។ ប្រទេសមហាអំណាចទាំងពីរនេះកំពុងមានការខ្វែងគំនិតទៅលើបញ្ហាច្រើនជាបន្តបន្ទាប់ពោលគឺចាប់ពីវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខ រហូតដល់បញ្ហាជំងឺរាតត្បាតកូវីដ១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ