ប្រទេសជាច្រើននៅលើពិភពលោករឹតបន្តឹងវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - នៅអឺរ៉ុប ទីភ្នាក់ងារគ្រប់គ្រងឱសថអ៊ីតាលី (AIFA) បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ Pfizer/BioNTech ដើម្បីចាក់ជូនកុមារ ដែលមានអាយុ ពី ៥ ទៅ ១១ ឆ្នាំ។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ AP) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ២ ធ្នូ (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ២៦៣,៧ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៥,២៤ លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង ៤៩,៥ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨០៤ ពាន់ នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
ក្នុងបរិបទ កើតមានវីរុសបំប្លែងខ្លួនថ្មី Omicron នោះ ប្រទេសជាច្រើននៅលើពិភពលោកបានរឹតបន្តឹងវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺ។
នៅសហរដ្ឋអាមេរិក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានឲ្យដឹងថា នាពេលខាងមុខ នឹងតម្រូវឲ្យភ្ញៀវទេសចរ ដែលឆ្លងចូលប្រទេសនេះត្រូវធ្វើតេស្តរកកូវីដ ១៩ មួយថ្ងៃមុនពេលចេញដំណើរ ដោយមិនអាស្រ័យទៅលើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង។ វិធានការនេះនឹងត្រូវបានប្រកាសបន្ទាប់ពីបទប្បញ្ញត្តិត្រូវបានសម្រេចរួចរាល់។
រដ្ឋាភិបាលហុងឌូរ៉ាសបានប្រកាសថា នឹងបង្កើនការឃ្លាំមើលរោគរាតត្បាតនៅតាមច្រកទ្វារព្រំដែន ដោយសារ ព្រួយបារម្ភអំពីវីរុសបំប្លែងថ្មី Omicron ។ នៅអឺរ៉ុប ទីភ្នាក់ងារគ្រប់គ្រងឱសថអ៊ីតាលី (AIFA) បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ Pfizer/BioNTech ដើម្បីចាក់ជូនកុមារ ដែលមានអាយុ ពី ៥ ទៅ ១១ ឆ្នាំ។
ក្នុងពេលនោះ ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO) នឹងបើកកិច្ចប្រជុំនាសប្តាហ៍ខាងមុខ ដើម្បីធ្វើការវាយតម្លៃលើទិន្នន័យអំពីការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសជំរុញ ក្នុងបរិបទ ដែលប្រទេសអ្នកមានកំពុងចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាជនផងដែរ៕