ប្រទេសជាច្រើនបានដកខ្លួនចេញពីសន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិ
(VOVWORLD) -អ៊ីស្រាអែល និងប៉ូឡូញគឺជាប្រទេសចំនួនពីរ ដែលបានបន្ត ដកខ្លួនចេញពីសន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិ មុននឹងសន្ធិសញ្ញានេះត្រូវបានអនុម័តជាលើកចុងក្រោយនាខែធ្នូខាងមុខ។ មុននោះអាមេរិក ហុងគ្រី អូទ្រីស និងសាធារណរដ្ឋឆែកបាន ធ្វើការសម្រេចចិត្តដូចគ្នាផងដែរ។
ជនចំណាកស្រុក ̣(TTXVN) |
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអះអាងថា ប្រទេសខ្លួនមិនចូលរួម ក៏ដូចជាមិនចុះហត្ថលេខាលើសន្ធិសញ្ញានេះឡើយ។ លោក Netanyahu បានអះអាងថានឹងការពារព្រំដែនចំពោះជនចំណាកស្រុកមិនស្របច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលប៉ូឡូញ ដែលប្រកាន់គោលមាគ៌ាស្ដាំនិយមក៏បានប្រកាសថាមិនគាំទ្រ សន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិនោះទេ ដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះមិនអាចធានាបាននូវសន្តិសុខជាតិ ក៏ដូចជាបង្កឲ្យមានរលកចំណាកស្រុកមិនស្របច្បាប់ផងដែរ។
មុននេះ សន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ គាំទ្រ លើកលែងតែអាមេរិក ដែលបានដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំទៅមិញផងដែរ៕