ប្រទេសជាច្រើនបានប្រកាសកញ្ចប់ជំនួយសម្រាប់តំបន់ហ្គាហ្សា
(VOVWORLD) - ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសក្នុងប៉ុន្មានថ្ងៃថ្មីៗនេះកំពុងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅៗ។
កាលពីថ្ងៃទី ១៧ ខែតុលា រដ្ឋាភិបាលហូឡង់បានប្រកាសពីការត្រៀមខ្លួនបញ្ចេញកញ្ចប់ជំនួយបន្ថែមដែលមានតម្លៃ ១០ លានអឺរ៉ូ (១០,៥លានដុល្លារអាមេរិក) ដល់តំបន់ហ្គាហ្សា បន្ទាប់ពីការអំពាវនាវរបស់អង្គការសហប្រជាជាតិ។
ប្រជាជនតម្រង់ជួររង់ចាំទទួលជំនួយស្បៀងអាហារនៅតំបន់ហ្គាហ្សា នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣។ (រូបថត៖ THX/TTXVN) |
ជំនួយនេះនឹងត្រូវបានចំណាយលើតម្រូវការជាមូលដ្ឋាន ដូចជាទឹកស្អាត និងការថែទាំសុខភាព។ ហូឡង់បានបញ្ជាក់ជាថ្មីម្តងទៀតនូវទស្សនៈថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនបន្ទាប់ពីការវាយប្រហារដោយចលនាអ៊ីស្លាមហាម៉ាស។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពឆ្លើយតបរបស់អ៊ីស្រាអែលត្រូវអនុលោមតាមគោលការណ៍អន្តរជាតិក្នុងសង្គ្រាម ដែលថាជនស៊ីវិល និងបុគ្គលិកផ្តល់ជំនួយមនុស្សធម៌មិនត្រូវបានចាត់ទុកថាជាគោលដៅនៃអំពើហិង្សានោះទេ។
នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អេស្ប៉ាញ លោក Jose Manuel Albares បានប្រកាសថា ប្រទេសនេះនឹងបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ជាមួយនឹងកញ្ចប់ជំនួយក្នុងតម្លៃ ១,០៦លានដុល្លារអាមេរិក ហើយត្រៀមបញ្ជូនជំនួយបន្ថែមទៀតទៅកាន់តំបន់នេះ។
នៅក្នុងអត្ថបទមួយដែលនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសង្កត់ធ្ងន់ថា ត្រូវផ្តល់អាទិភាពលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលទាំងអស់ដែលរងផលប៉ះពាល់ដោយជម្លោះនៅតំបន់ហ្គាហ្សា។ កាលពីសប្តាហ៍មុន លោក Anwar បានប្រកាសថា រដ្ឋាភិបាលម៉ាឡេស៊ីបានផ្តល់ជំនួយ ១០ លានរីងហ្គីត (២,១ លានដុល្លារអាមេរិក) ដល់ប្រជាជនប៉ាឡេស្ទីន៕