ប្រទេសជា​ច្រើនប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល ដោយសារតែ​ការព្រួយបារម្ភនៃ​ជម្លោះកើនឡើង

(VOVWORLD) - ប្រទេសជាជ្រើនជុំវិញពិភពលោកបានចាប់ផ្តើមយុទ្ធនាការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សានិងប្រទេសអ៊ីស្រាអែល ក្នុងបរិបទដែលជម្លោះនៅក្នុងតំបន់នេះបន្តឡើងជណ្ដើរនាប៉ុន្មានថ្ងៃថ្មីៗនេះ។

នាព្រឹកថ្ងៃទី ១១ ខែតុលា ភ្ញៀវទេសចរកូរ៉េខាងត្បូងជាង ១៩០នាក់ បានមកដល់អាកាសយានដ្ឋាន Incheon ក្នុងរដ្ឋធានីសេអ៊ូល (កូរ៉េខាងត្បូង) ក្នុងជើងហោះហើរជម្លៀសពលរដ្ឋលើកដំបូងដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើឡើងដើម្បីនាំពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា អ៊ីស្រាអែល ក៏ដូចជាប្រទេសមួយចំនួនទៀតនៅមជ្ឈិមបូព៌ា។

ប្រទេសជា​ច្រើនប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល ដោយសារតែ​ការព្រួយបារម្ភនៃ​ជម្លោះកើនឡើង - ảnh 1អគារមួយដែលត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីយន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៨ តុលា។ រូបថត៖ AFP/TTXVN

ប្រទេសជាច្រើនទៀតក៏កំពុងប្រញាប់ប្រញាល់ដាក់ពង្រាយយុទ្ធនាការស្រដៀងគ្នានេះដែរ។ កាលពីថ្ងៃទី ១០ ខែតុលា រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានឲ្យដឹងថា កងទ័ពប្រទេសនេះបានបញ្ជូនយន្តហោះដឹកជញ្ជូនយោធាចំនួនពីរគ្រឿងទៅកាន់អ៊ីស្រាអែល ដើម្បីជម្លៀសពលរដ្ឋអេស្ប៉ាញប្រហែល ៥០០នាក់ ដែលជាប់គាំងនៅទីនេះ។ ប្រទេសព័រទុយហ្គាល់ ដែលជាអ្នកជិតខាងរបស់អេស្បាញ ក៏បានបញ្ជូនកងទ័ពអាកាសទៅកាន់អ៊ីស្រាអែល ដើម្បីជម្លៀសពលរដ្ឋជិត ១៩០នាក់ទៅកាន់ប្រទេសស៊ីប។ ប្រទេសម៉ិកស៊ិក កាណាដា ដាណឺម៉ាក និងស៊ុយអែត ក៏បានស្នើឱ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលនិងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន ឱ្យត្រៀបខ្លួនជម្លៀសចេញ។

នៅប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រី លោក Anthony Albanese នៅថ្ងៃទី ១១ ខែតុលា ក៏បានប្រកាសអំពីផែនការជម្លៀសពលរដ្ឋអូស្ត្រាលីចេញពីអ៊ីស្រាអែល ទៅកាន់ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ដោយចាប់ផ្តើមពីថ្ងៃសុក្រ (១៣ តុលា)៖ “ជាជំហានដំបូងនឹងមានជើងហោះហើរជួយសង្គ្រោះពីរគ្រឿង ហើយយើងនឹងធ្វើការស្រាវជ្រាវបង្កើនជើងហោះហើរថែមទៀត។ យើងកំពុងពិចារណាគ្រប់វិធានការទាំងអស់ ដើម្បីនាំប្រជាជនអូស្ត្រាលីដែលមានបំណង អាចវិលត្រឡប់មកផ្ទះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

ផ្ទុយទៅវិញ រដ្ឋាភិបាលអ៊ីស្រាអែលក៏បានឲ្យដឹងថា ខ្លួនកំពុងបង្កើនជើងហោះហើរដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋអ៊ីស្រាអែល ដើម្បីបញ្ចៀសហានិភ័យសន្តិសុខនៅឯបរទេស ក៏ដូចជាការនាំយកកងកម្លាំងបម្រុងរបស់អ៊ីស្រាអែលវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចូលរួមយុទ្ធនាការឆ្លើយតបទៅនឹងកងកម្លាំងហាម៉ាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ