ប្រទេសជាច្រើនពង្រឹងសកម្មភាពគាំទ្រដល់អ៊ុយក្រែន
(VOVWORLD) - កាលពីម្សិលមិញ (១៣ ឧសភា) ក្រសួងការពារជាតិអាល្លឺម៉ង់បានបញ្ជាក់ថា នឹងផ្តល់កញ្ចប់ជំនួយសព្វាវុធដ៏ធំមួយដែលមានតម្លៃ ២,៧ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍និងខែខាងមុខនេះ។ កញ្ចប់ជំនួយថ្មីរួមមានប្រព័ន្ធការពារទំនើប រថក្រោះ រថពាសដែក និងឧបករណ៍ជាច្រើនទៀត។
ទាហានអ៊ុយក្រែនចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីរថក្រោះអាល្លឺម៉ង់។ រូបថត៖ AFP/VNA |
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថាកញ្ចប់ជំនួយនេះបានបង្ហាញជាថ្មីម្តងទៀតថា ប្រទេសអាល្លឺម៉ង់"មានភាពម៉ឺងម៉ាត់ក្នុងការជួយឧបត្ថម្ភ" ដោយមានបំណងជួយបញ្ជប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនឲ្យបានឆាប់ៗ។
នៅក្នុងបម្រែបម្រួលពាក់ព័ន្ធមួយ អេស្តូនីបានអំពាវនាវឲ្យបណ្ដាប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលីផ្តល់ជំនួយហិរញ្ញវត្ថុឲ្យអ៊ុយក្រែនបន្ថែមទៀត។ ថ្លែងមតិនៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) នៅស៊ុយអែត រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Margus Tsahkna បានលើកច្បាស់ពី គោលដៅគឺឈានដល់កម្រិតជួយឧបត្ថម្ភស្មើនឹង ១% នៃផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសនីមួយៗ។
ក៏នៅថ្ងៃទី ១៣ ខែឧសភាដែរ សេចក្តីថ្លែងការណ៍រួមត្រូវបានសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) នៅទីក្រុងនីហ្គាតា (ប្រទេសជប៉ុន) អនុម័តលើការប្តេជ្ញាផ្តល់ប្រាក់ឧបត្ថម្ភថវិកា និងសេដ្ឋកិច្ចដែលមានតម្លៃ ៤៤ ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។ ការប្តេជ្ញាជួយឧបត្ថម្ភទាំងនេះអនុញ្ញាតឱ្យស្ថាប័ននានារបស់រដ្ឋាភិបាលអ៊ុយក្រែនរក្សាប្រតិបត្តិការ បន្តផ្គត់ផ្គង់សេវាកម្មជាមូលដ្ឋាន អនុវត្តការងារជួសជុលចាំបាច់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញ និងស្ថិរភាពខឿនសេដ្ឋកិច្ចឡើងវិញ៕