ប្រទេសឈីលីប្រកាសកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ឌជនរងគ្រោះនៃគ្រោះអគ្គីភ័យឆេះព្រៃ
(VOVWORLD) - កាលពីយប់ថ្ងៃទី ៤ ខែកុម្ភៈ ប្រធានាធិបតីឈីលីលោក Gabriel Boric បានប្រកាសកាន់ទុក្ខជាតិរយៈពេលពីរថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខន្ឌជនរងគ្រោះនៃគ្រោះអគ្គីភ័យឆេះព្រៃក្នុងទីក្រុង Valparaíso និងតំបន់ជុំវិញ បន្ទាប់ពីបានកត់ត្រាអ្នកស្លាប់យ៉ាងហោចណាស់ ៦៤ នាក់។
លោកប្រធានាធិបតី Boric បានសង្កត់ធ្ងន់ថា "នេះគឺជាសោកនាដកម្មដ៏ឈឺចាប់បំផុត" ដែលឈីលីធ្លាប់ជួបប្រទះចាប់តាំងពីការរញ្ជួយដីកាលពីថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១០មក ។
តំបន់រងគ្រោះដោយភ្លើងឆេះព្រៃក្នុងក្រុង Vina del Mar ប្រទេសឈីលី។ រូបថត៖ AFP/TTXVN |
លោកប្រធានាធិបតី Boric ក៏បានសារភាពថា ចំនួនជនរងគ្រោះដែលបានស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈដែលប្រភពព័ត៌មានក្នុងស្រុកមួយចំនួនបានឲ្យដឹងថា ដោយឡែកខណ្ឌ Vina del Mar បានកតត្រាចំនួនអ្នកបាត់ខ្លួនរហូតដល់ ៣០០ នាក់ហើយ។ ក្រៅពីការបាត់បងអាយុជីវិត ភ្លើងឆេះដ៏អាក្រក់បំផុតក្នុងប្រទេសឈីលីអស់រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែងនិងអគារជាង ៣ ០០០ ខ្នង នៅ Valparaíso ជាទីក្រុងទេសចរណ៍ដ៏ល្បីមួយដែលមានទីតាំងនៅលើជម្រាលភ្នំ Andes ហើយធ្លាប់ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០៣។
បច្ចុប្បន្ននេះ រដ្ឋាភិបាលឈីលីនៅតែរក្សាបម្រាមគោចរនៅក្នុងខណ្ឌ ស្រុកចំនួន ៥ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការពន្លត់អគ្គីភ័យ ការជួយសង្គ្រោះប្រជាជន ក៏ដូចជាការការពារការផ្ទុះឡើងនៃឧក្រិដ្ឋកម្មដែលអាចកើតមាន៕