ប្រទេសនានាត្រូវឆ្លៀតយកទាំងឱកាសទាំងការសាកល្បងដើម្បីស្តារសេដ្ឋកិច្ចនិងយន្តការពាណិជ្ជកម្មពហុភាគីរបស់ខ្លួនឡើងវិញ
(VOVWORLD) - បន្តកិច្ចប្រជុំត្រៀម ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនានេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១០ នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ពាក់កណ្តាលអាណត្តិ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់វៀតណាម។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី RCEP ពាក់កណ្តាលអាណត្តិលើកទី ១០ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh (រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) |
អញ្ជើញធ្វើជាប្រធាននិងថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៅទូទាំងពិភពលោកនៅតែបន្ត។ យ៉ាងណាមិញ ក្នុងបញ្ហាប្រឈមនីមួយៗ តែងតែមានឱកាស ហើយអ្វីៗសំខាន់បំផុតគឺ បណ្តាប្រទេស RCEP ត្រូវឆ្លៀតយកឱកាសទាំងនោះ ដើម្បីជំរុញគោលដៅស្តារសេដ្ឋកិច្ចក៏ដូចជា ទទួលឡើងវិញតួនាទីជាមជ្ឈភាព សម្រាប់ខឿនសេដ្ឋកិច្ចសកល។ រដ្ឋមន្រ្តី Tran Tuan Anh បានបញ្ជាក់ថា៖ “បច្ចុប្បន្ននេះគឺជាពេលវេលាដ៏សំខាន់ សម្រាប់បណ្តាប្រទេស RCEP ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងបញ្ជូននូវសញ្ញាវិជ្ជមានមួយ ទៅកាន់ពិភពលោកក្នុងស្មារតីប្តេជ្ញាចិត្ត ដើម្បីជំនះរាល់ការរីករាលដាលនិងការលំបាកខាងសេដ្ឋកិច្ចរបស់ប្រទេសនានាក្នុងតំបន់។ ថ្វីត្បិតតែជួបប្រទះនឹងការលំបាក ដែលបណ្តាលមកពីការរីករាល ដាលនៃជំងឺ COVID-19 ក៏ដោយ ក៏បណ្តាប្រទេស RCEP បានរៀបចំកិច្ចប្រជុំអនឡាញជាច្រើនលើក ដើម្បីរក្សាកម្លាំងចលករសម្រាប់កិច្ចចរចានានាក៏ដូចជាលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែសកម្ម របស់ឥណ្ឌាចំពោះដំណើរការនេះ”។
សូមគូសបញ្ជាក់ថា បានចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញ (ប្រទេសកម្ពុជា) RCEP រួមមានប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងដៃគូសំខាន់ចំនួន ៦ ដែលអាស៊ានបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌានិងនូវែលសេឡង់។ នៅពេលដែលកិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខា នឹងបង្កើតទីផ្សារដោយមានអតិថិជនប្រមាណ ៣,៥ ពាន់លាននាក់ និង GDP ប្រមាណ ៤៩,០០០ ពាន់លានដុល្លារអាមេរិក ស្រូបយក ៣៩% នៃ GDP សកលផងដែរ៕