ប្រទេសនានាស្វាគមន៍អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបង្កើតទំនាក់ទំនងការទូតឡើងវិញ
(VOVWORLD) - សហភាពអឺរ៉ុបបញ្ជាក់ពីអាទិភាពរបស់ខ្លួនក្នុងការជំរុញសន្តិភាព និងស្ថិរភាព ព្រមទាំងកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។
ពីឆ្វេង៖ ទីប្រឹក្សាសន្តិសុខជាតិរបស់អារ៉ាប៊ីសាអូឌីត លោក Musaad bin Mohammed al-Aiban ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនទទួលបន្ទុកកិច្ចការបរទេសលោក Wang Yi និងលេខាក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Shamkhani។
(រូបថត៖ Reuters/VNA) |
អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែមីនា បានឯកភាពគ្នាបង្កើតទំនាក់ទំនងការទូតឡើងវិញ និងបើកស្ថាប័នការទូតឡើងវិញនៅក្នុងប្រទេសនីមួយៗ ក្រោយពីអរិភាពជាច្រើនឆ្នាំបានគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខនៅតំបន់ឈូងសមុទ្រពែក្ស។ នៅថ្ងៃទី ១១ មីនា ប្រទេស និងអង្គការជាច្រើនបានបញ្ចេញសំលឡេងគាំទ្រចំពោះឥរិយាបទនេះនៃប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប (EU) បានសង្កត់ធ្ងន់ថា ការស្ដារឡើងវិញនូវទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ អាចរួមចំណែកដល់ស្ថិរភាពនៃតំបន់ទាំងមូល។ សហភាពអឺរ៉ុបបញ្ជាក់ពីអាទិភាពរបស់ខ្លួនក្នុងការជំរុញសន្តិភាព និងស្ថិរភាព ព្រមទាំងកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។ ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលទើបសម្រេចបានរវាងទីក្រុងរីយ៉ាដនិងទីក្រុងតេអេរ៉ង់។ អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) លោក Jassem Mohamed Albudaiwi សង្ឃឹមថា កិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់នឹង "រួមចំណែកដល់ការពង្រឹងសន្តិសុខ និងសន្តិភាព"។
ប្រទេសជាច្រើនផ្សេងទៀតដូចជា អ៊ីរ៉ាក់ អូម៉ង់ អេហ្ស៊ីប បារ៉ែន គុយវ៉ែត ហ្ស៊កដានី អាល់ហ្សេរី ទួរគី លីបង់ ស៊ូដង់ និងប៉ាគីស្ថាន ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍កិច្ចព្រមព្រៀងខាងលើផងដែរ៕