ប្រទេសរុស្ស៊ីលើកឡើងលក្ខខណ្ឌសម្រាប់ការចូលរួម New START ឡើងវិញ
(VOVWORLD) - ប្រទេសលោកខាងលិចត្រូវផ្លាស់ប្តូរវិធីអភិក្រមរបស់ខ្លួនចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ីដើម្បីឲ្យក្រុងម៉ូស្គូអាចចូលរួម New START ឡើងវិញ។
មីស៊ីលផ្លោងឆ្លងទ្វីប Yars RS-24 របស់រុស្ស៊ីចូលរួមក្នុងពិធីព្យុហយាត្រានៅទីលានក្រហម រដ្ឋធានីម៉ូស្គូ។ (រូបថត៖ AFP/VNA) |
រុស្ស៊ីមិនអាចចូលរួមឡើងវិញក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) បានទេ ដរាបណាលោកខាងលិចមិនទាន់គិតគូរពីកង្វល់សន្តិសុខរបស់ទីក្រុងម៉ូស្គូ។ សេចក្តីថ្លែងការណ៍ខាងលើ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងម៉ូស្គូ។ យោងតាមលោក Peskov បន្ទាប់ពីរុស្ស៊ីបានសម្រេចចិត្តផ្អាកការចូលរួម New START លោកខាងលិចនៅតែមិនយកចិត្តទុកដាក់ដល់កង្វល់របស់ប្រទេសនេះ។ មន្ត្រីរូបនេះបាននិយាយថា ប្រទេសលោកខាងលិចត្រូវផ្លាស់ប្តូរវិធីអភិក្រមរបស់ខ្លួនចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ីដើម្បីឲ្យក្រុងម៉ូស្គូអាចចូលរួម New START ឡើងវិញ៕