ប្រទេសស៊ីរីបានវិលត្រឡប់មកវេទិកានយោបាយក្នុងតំបន់
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា គណៈប្រតិភូស៊ីរីដែលដឹកនាំដោយប្រធានរដ្ឋសភា លោក Hammouda Sabbagh បានអញ្ជើញមកដល់រដ្ឋធានី Amman ប្រទេសហ្ស៊កដានី ដើម្បីចូលរួមកិច្ចប្រជុំសហភាពអន្តរសភាអារ៉ាប់ (AIPU) ដែលតាម រយៈនោះនឹងគូសសញ្ញាពីការវិលត្រឡប់មកកិច្ចប្រជុំរបស់ស៊ីរីវិញក្រោយរយៈពេល ៨ឆ្នាំ ហើយនេះបានចាត់ទុកជាជំហានមួយផ្សេងទៀតនៃប្រទេសមជ្ឈឹមបូព៌ានេះនៅក្នុងដំណើរការធ្វើសមាហរណកម្មនយោបាយឡើងវិញជាមួយតំបន់នានាផងដែរ។
ប្រធានរដ្ឋសភាស៊ីរី លោក Hammouda Sabbagh |
ក្នុងបទថ្លែងក្នុងសុន្ទរកថានៅកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាហ្ស៊កដានី លោក Atef Tarawneh បានអំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់ «រួមសហការគ្នាឆ្ពោះទៅរកកិច្ចព្រមព្រៀងនយោបាយមួយសម្រាប់វិបត្តិស៊ីរី និងបង្កលក្ខណៈងាយស្រួលសំរាប់ប្រទេសស៊ីរីក្នុងការដណ្តើមឋានៈរបស់ខ្លួនសារជាថ្មីម្តងទៀត» នៅក្នុងពិភពអារ៉ាប់។ គួរបញ្ជាក់ថាក្នុងថ្ងៃដដែល ក្រុមខ្មាន់កំភ្លើងជ្រុលនិយមស៊ីរីដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ Al-Qaeda បានវាយប្រហារនិងសម្លាប់ទាហានរដ្ឋាភិបាលស៊ីរីចំនួន ២១ នាក់ និងកងកម្លាំងសម្ព័ន្ធមិត្តនៅជិតខេត្ត Idlib ។ កងទ័ពរដ្ឋាភិបាលស៊ីរីក៏បានបញ្ជាក់ថា ការវាយប្រហារបានបណ្តាលឱ្យមានការស្លាប់និងរងរបួសដល់កងកម្លាំងនេះ ប៉ុន្តែមិនបានប្រកាសជាលំអិតអំពីការខូចខាតនោះទេ៕