ប្រធាន Meta ៖ “វៀតណាម​បន្ត​ជា​ប្រទេស​សំខាន់​សម្រាប់​ Meta ”

(VOVWORLD) - វៀតណាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់មេតា។ នេះជាការអះអាងរបស់ លោក Nick Clegg ប្រធានទទួលបន្ទុកកិច្ចការបរទេសសកលនៃសារជីវកម្ម Meta ក្នុងឱកាសចូលរួមទិវាបុណ្យនវានុវត្តន៍វៀតណាមឆ្នាំ ២០២៤ និងអបអរសាទរខួបលើកទី ៥ នៃការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាតិដែលទើបនឹងប្រព្រឹត្តទៅនាថ្ងៃទី១ និងទី២ តុលា នៅទីក្រុងហាណូយ។
ប្រធាន Meta ៖ “វៀតណាម​បន្ត​ជា​ប្រទេស​សំខាន់​សម្រាប់​ Meta ” - ảnh 1លោក Nick Clegg ប្រធានទទួលបន្ទុកកិច្ចការបរទេសសកលនៃសារជីវកម្ម Meta ថ្លែងនៅក្នុងឱកាសចូលរួមទិវានវានុវត្តន៍វៀតណាមឆ្នាំ ២០២៤ នៅទីក្រុងហាណូយ។ (រូបថត៖ VietGate)

លោក Nick Clegg បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់ Meta ក្នុងការលើកកម្ពស់ការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត (AI) បានបង្ហាញតាមរយៈតួនាទីជាដៃគូយុទ្ធសាស្ត្រ និងជាអង្គភាពសហរៀបចំ ជាមួយមជ្ឈមណ្ឌលជាតិនវានុវត្តន៍ (NIC) ក្រសួងផែនការ និងវិនិយោគ នៅក្នុងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍វៀតណាមឆ្នាំ ២០២៤។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងអ្នកមានទេពកោសល្យក្នុងស្រុក Meta  ចង់ជួយវៀតណាមឱ្យក្លាយជាប្រទេសឈានមុខគេក្នុងការអភិវឌ្ឍន៍ AI ទាំងក្នុងតំបន់ និងលើពិភពលោក៖ “Meta មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការឧបត្ថម្ភកម្មវិធីប្រកួតប្រជែងនវានុវត្តន៍វៀតណាម ហើយកម្មវិធីឆ្នាំនេះបានផ្តោតលើដំណោះស្រាយដើម្បីលើកកម្ពស់សមត្ថភាពរបស់វៀតណាម ក្នុងវិស័យទាំងពីរគឺ បញ្ញាសិប្បនិមិត្ត និងឧស្សាហកម្ម semiconductor ។ ទាំងនេះគឺជាវិស័យសំខាន់ៗដែលរដ្ឋាភិបាលវៀតណាមបានកំណត់ថា មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។     

លោក Nick Clegg ក៏បានប្រកាសផែនការវិនិយោគរបស់ Meta នៅវៀតណាមផងដែរ។ តាមនោះ ចាប់ពីឆ្នាំ ២០២៥ Meta នឹងពង្រីកការផលិតឧបករណ៍ការពិតនិម្មិត Quest ៣S នៅវៀតណាម។ ផែនការនេះត្រូវបានរំពឹងថា នឹងបង្កើតការងារធ្វើចំនួន ១.០០០កន្លែង និងរួមចំណែករាប់លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចវៀតណាម។ លើសពីនេះ Meta ក៏បានពង្រីកការវិនិយោគលើវិស័យនវានុវត្តន៍ AI នៅវៀតណាម ដោយចាត់ទុកនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រ AI សកល របស់ Meta ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ