ប្រធានគណៈកម្មការអឺរ៉ុប៖ វៀតណាមជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២៥ ខែតុលា នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ក្នុងឱកាសចូលរួមវេទិកាច្រកទ្វារសកល (Forum Global Gateway) ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen។

ប្រធានគណៈកម្មការអឺរ៉ុប៖ វៀតណាមជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងប្រធាន EC Ursula von der Leyen ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (រូបថត៖ Anh Tuan/VOV)

ក្នុងជំនួបនេះ លោកស្រីប្រធាន EC បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់គណៈកម្មការអឺរ៉ុប (EC) ក្នុងការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមជាមួយតំបន់។ លោកស្រី Ursula von der Leyen បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុរវាងភាគីទាំងពីរ ជាពិសេសការអនុវត្តក្របខ័ណ្ឌភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។ លោកស្រីបានសង្កត់ធ្ងន់ថា វៀតណាមគឺជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU)។ ប្រធាន EC បានបញ្ជាក់ពីការសន្យាក្នុងការអនុវត្តយុទ្ធសាស្ត្រច្រកទ្វារសកល ហើយ EC នឹងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតងជាមួយវៀតណាម។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha សង្ឃឹមថា EU និងប្រទេសសមាជិកនឹងបង្កើនការគាំទ្រដល់វៀតណាមក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល។ ជាមួយគ្នានោះ សង្ឃឹមថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដោយអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ EC ពិចារណា ឆាប់ដកកាតលឿង IUU សម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ក៏បានទទួលប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) លោក Werner Hoyer; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងហិរញ្ញវត្ថុវៀតណាម និង EIB ស្តីពីជំនួយហិរញ្ញវត្ថុដែលមានតម្លៃ ៥០០ លានអឺរ៉ូ ដើម្បីរួមចំណែកដល់គោលដៅនៃការអនុវត្តសេចក្តីប្រកាសស្តីពីការបង្កើតភាពជាដៃគូអន្តរកាលថាមពលសមធម៌ (JETP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ