ប្រធានាធិបតីកាហ្សាក់ស្ថាន បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២២ សីហា ប្រធានា ធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានចាកចេញពីរដ្ឋធានីហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong។
នាព្រឹកថ្ងៃទី ២១ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះប្រធានាធិបតី កាហ្សាក់ស្ថាន Kassym-Jomart Tokaev ដែលមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី លោក Kassym-Jomart Tokayev បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ; ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជន។ ប្រធានាធិបតីលោក Kassym-Jomart Tokaev បានចូលជួបសម្តែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋលោក Vo Van Thuong ជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue; ទស្សនាមជមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌មួយចំនួននៅខេត្ត Bac Ninh និង Hai Duong។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីលោក Kassym-Jomart Tokaev (រូបថត៖ VOV) |
នៅបណ្តាជំនួប ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាហ្សាក់ស្ថានកំពុងត្រូវបានពង្រីកកាន់តែខ្លាំងឡើងលើគ្រប់វិស័យ រួមទាំងវិស័យថ្មីដែលមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ តាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
មុននឹងចាកចេញពីប្រទេសវៀតណាម នាព្រឹកមិញនេះ ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokaev និងលោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទស្សនាភូមិគ្រឿងភាជន៍ Chu Dau នៅខេត្ត Hai Duong ផងដែរ៕