ប្រធានាធិបតីបារាំង លោក Emmanuel Macron ចាប់ផ្តើមដំណើរទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចុះកំដៅនៃភាពតានតឹង
(VOVWORLD) - ខ្លឹមសារដើមដំបូងដែលត្រូវបាន ប្រធានាធិបតីលោក Emmanuel Macron លើកឡើងគឺការជំរុញការចរចារតាមទម្រង់ Normandy ចតុភាគីគឺ៖ អាល្លឺម៉ង់ បារាំង រុស្ស៊ី និងអ៊ុយក្រែន ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុង Minsk ជាមួយនឹងតួនាទីជាអាជ្ញាកណ្ដាលរបស់អាល្លឺម៉ង់ និងបារាំង។
ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីបារាំង ម៉ាក្រុង (រូបថត៖ Le Monde) |
ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី៧ ខែកុម្ភៈ បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេល ២ ថ្ងៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចុះកំដៅនៃភាពតានតឹង។ ប្រធានបទសំខាន់ៗចំនួន ២ ដែលប្រធានាធិបតី លោក Emmanuel Macron បានលើកឡើងក្នុងដំណើរទស្សនកិច្ចនេះគឺការជំរុញការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk និងបញ្ហាសន្តិសុខរបស់អឺរ៉ុប។
ខ្លឹមសារដើមដំបូងដែលត្រូវបាន ប្រធានាធិបតីលោក Emmanuel Macron លើកឡើងគឺការជំរុញការចរចារតាមទម្រង់ Normandy ចតុភាគីគឺ៖ អាល្លឺម៉ង់ បារាំង រុស្ស៊ី និងអ៊ុយក្រែន ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុង Minsk ជាមួយនឹងតួនាទីជាអាជ្ញាកណ្ដាលរបស់អាល្លឺម៉ង់ និងបារាំង។ អាទិភាពរបស់បារាំងគឺស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះជម្លោះនៅភាគខាងកើតអ៊ុយក្រែនក្នុងអំឡុងពេលជំនួប Normandy នាថ្ងៃទី ១០ កុម្ភៈខាងមុខ នៅទីក្រុងប៊ែរឡាំង អាល្លឺម៉ង់។ ប្រធានបទទីពីរ ដែលត្រូវបានប្រធានាធិបតីបារាំង លើកឡើងគឺសណ្ដាប់ធ្នាប់ថ្មីរបស់អឺរ៉ុប។ យោងតាមសេចក្ដីប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីបារាំងបានឲ្យដឹងថា បារាំងនឹងចាប់ផ្ដើមកិច្ចពិភាក្សាអំពីរាល់លក្ខខ័ណ្ឌតុល្យភាពយុទ្ធសាស្ត្រនៅអឺរ៉ុបជាមួយរុស្ស៊ី ដើម្បីជួយអឺរ៉ុបកាត់បន្ថយហានិភ័យ និងធានាសន្តិសុខ។
ក្រោយពីដំណើរទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែននោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ស្ដីពីដំណោះស្រាយបញ្ចុះកម្ដៅនៃភាពតានតឹងផងដែរ៕