ប្រធានាធិបតីបារាំងលោក Emmanuel Macron ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក
(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron នាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំបារាំងត្រូវបានរំពឹងថា នឹងក្លាយជាការចាប់ផ្តើមថ្មីសម្រាប់ទំនាក់ទំនងសម្ព័ន្ធមិត្តដ៏យូរអង្វែងរវាងបារាំងនិងអាមេរិក។
អាទិភាពកំពូលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron គឺដើម្បីស្វែងរកការឯកភាពគ្នា ក្នុងទស្សនៈរបស់ភាគីទាំងពីរលើបញ្ហាអ៊ុយក្រែន។
ទាក់ទង់នឹងសេដ្ឋកិច្ច ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងត្រូវស្វែងរកវិធីមួយដើម្បីបញ្ចៀសហានិភ័យនៃការប្រឈមមុខដាក់គ្នាផ្នែកពាណិជ្ជកម្មរវាងភាគីទាំងពីរនៅសងខាងមហាសមុទ្រអាត្លង់ទិក ទាក់ទង់នឹង"ច្បាប់កាត់បន្ថយអតិផរណា" (IRA) របស់សហរដ្ឋអាមេរិកដែលមានតម្លៃជិត ៣៧០ ពាន់លានដុល្លារ ត្រូវបានគេរំពឹងថា នឹងចូលជាធរមានចាប់ពីដើមឆ្នាំ ២០២៣។
តាមការរំពឹងទុក មេដឹកនាំបារាំង និងអាមេរិកក៏នឹងពិភាក្សាលើបញ្ហាសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាស នុយក្លេអ៊ែរ ឬនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងគោលនយោបាយចំពោះចិនផងដែរ។
ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅសហរដ្ឋអាមេរិក ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏នឹងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក្នុងរដ្ឋបាលសហរដ្ឋអាមេរិកដូចជា អនុប្រធានាធិបតី Kamala Harris រដ្ឋមន្ត្រីការបរទេស Antony Blinken ក៏ដូចជាថ្លែងសុន្ទរកថានៅរដ្ឋសភាអាមេរិកផងដែរ៕