ប្រធានាធិបតីបារាំងលោកMacron បំពេញទស្សនកិច្ចនៅអឺរ៉ុបខាងកើតសំដៅរំងាប់អារម្មណ៍សម្ព័ន្ធមិត្ត
(VOVWORLD) - សម្ពាធចំពោះលោក Macron កាន់តែកើនឡើង នៅពេលដែលបារាំងបានត្រៀមបញ្ចប់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) នៅចុងខែមិថុនា ឆ្នាំ ២០២២។
ប្រធានាធិបតីបារាំងលោក Macron និងទាហានបារាំងដែលឈរជើងក្នុងប្រទេសរ៉ូម៉ានី (រូបថត៖ Le Monde) |
នាថ្ងៃទី ១៤ ខែមិថុនាប្រធានាធិបតីបារាំងលោកEmmanuel Macron បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបអាគ្នេយ៍ចំនួនពីរគឺ រូម៉ានីនិងម៉ុលដាវីដើម្បីអះអាំងពីការគាំទ្រចំពោះបណ្ដាប្រទេស ដែលត្រូវបានបារាំងវាយតម្លៃថាជា "ខ្សែជួរមុខ" ហើយរងផលប៉ះពាល់ដោយសារជម្លោះនៅអ៊ុយក្រែន។ ដំណើរទស្សនកិច្ចទៅកាន់រូម៉ានីនិងម៉ុលដាវីក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Emmanuel Macron ទៅកាន់អឺរ៉ុបអាគ្នេយ៍ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ ២០២២។
ក្នុងសេចក្តីប្រកាសអំពីដំណើរទស្សនកិច្ចនេះ ខុទ្ធកាល័យប្រធានាធិបតីបារាំងបានវាយតម្លៃថារូម៉ានី រួមជាមួយប៉ូឡូញ និងបណ្ដាប្រទេសបាល់ទិក ជាប្រទេស "ខ្សែជួរមុខ" ហើយរងផលប៉ះពាល់ដោយផ្ទាល់ដោយសារជម្លោះអ៊ុយក្រែន។
ស្ថាប័ននេះក៏បានឲ្យដឹងថា ប្រធានាធិបតីលោក Emmanuel Macron មិនទាន់មានគម្រោងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនឡើយ ប៉ុន្តែលោកតែងតែគាំទ្រ ហើយនឹងខិតខំប្រឹងប្រែងបញ្ឈប់ជម្លោះនេះយ៉ាងឆាប់ៗ។ នាបច្ចុប្បន្ននេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Olaf Sholz និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Draghi គឺជាថ្នាក់ដឹកនាំដ៏សំខាន់របស់អឺរ៉ុប ដែលនៅមិនទាន់បំពេញទស្សនកិច្ចនៅអ៊ុយក្រែននៅឡើយ។ សម្ពាធចំពោះលោក Macron កាន់តែកើនឡើង នៅពេលដែលបារាំងបានត្រៀមបញ្ចប់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) នៅចុងខែមិថុនា ឆ្នាំ ២០២២។
តាមផែនការ គណៈកម្មការអឺរ៉ុប (EC) នៅចុងសប្តាហ៍នេះ នឹងបើកកិច្ចប្រជុំផ្តល់យោបល់លើសមាជិកភាព EU របស់អ៊ុយក្រែន ម៉ុលដាវី និងហ្សកហ្ស៊ី មុនពេលបញ្ហានេះត្រូវបានដាក់ជូនកិច្ចប្រជុំកំពូល EU នៅចុងខែមិថុនា ឆ្នាំ ២០២២ ផងដែរ៕