ប្រធានាធិបតីរុស្ស៊ី បំពេញទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត
(VOVWORLD) - កាលពីថ្ងៃទី ៦ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើម ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) និងអារ៉ាប៊ីសាអូឌីត។
ថ្លែងនៅក្នុងជំនួបជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Mahammed bin Zayed Al Nahyan នៅទីក្រុង Abu Dhabi លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតនៅកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។
រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម Sheikh Abdullah Bin Zayed ស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅអាកាសយានដ្ឋានក្នុងទីក្រុង Abu Dhabi។ រូបថត៖ AFP/TTXVN |
កិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងប្រទេសទាំងពីរកំពុងរីកចម្រើន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការសាងសង់រោងចក្រផលិតនៅ UAE និងរុស្ស៊ី គួបផ្សំគម្រោងធំៗជាច្រើនដែលកំពុងអនុវត្តក្នុងវិស័យប្រេងនិងឧស្ម័ន។ រីឯខ្លួនវិញ ប្រធានាធិបតី UAE លោក Mohammed bin Zayed Al Nahyan បានបញ្ជាក់ថា ទំនាក់ទំនងរវាង UAE និងរុស្ស៊ី គឺជាប្រវត្តិសាស្ត្រ។ UAE គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ីនៅមជ្ឈិមបូព៌ា។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរក៏កំពុងពិភាក្សាអំពីបញ្ហាលើរបៀបវារៈថ្នាក់តំបន់ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងសហព័ន្ធរុស្ស៊ីនិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
ប្រធានាធិបតីពូទីនបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅអេមីរ៉ាតអារ៉ាប់រួម ហើយបានចាកចេញទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត។ គេរំពឹងថានៅទីក្រុងរីយ៉ាដ លោកពូទីននឹងមានកិច្ចពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman Al Saud។ ខ្លឹមសារដែលរំពឹងទុកផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ព្រមទាំងអន្តរកម្មក្នុងក្របខ័ណ្ឌពហុភាគី ក៏ដូចជាការរំពឹងទុកនៃច្រករបៀងដឹកជញ្ជូនខាងជើង-ខាងត្បូង៕