ប្រធានាធិបតីរុស្ស៊ីធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងកំពង់ផែ Mariupol
(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងកំពង់ផែ Mariupol ក្នុងតំបន់ Donbass ដែលត្រូវបានដាក់បញ្ចូលទៅជាផ្នែកមួយរបស់រុស្ស៊ីកាលពីឆ្នាំមុន។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតី លោក Vladimir Putin ទៅកាន់តំបន់ Donbass ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងកាលពីចុងខែកុម្ភៈឆ្នាំមុន។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកទៅកាន់តំបន់គ្រីមេនៅថ្ងៃទី ១៨ ខែមីនា ក្នុងឱកាសខួបលើកទី ៩ នៃការរួមបញ្ចូលឧបទ្វីបនេះជាមួយរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានមកដល់ទីក្រុង Mariupol ដោយឧទ្ធម្ភាគចក្រ ហើយបានបើកឡានដោយខ្លួនឯងទៅពិនិត្យទីតាំងមួយចំនួននិងជជែកជាមួយប្រជាជនក្នុងតំបន់ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងកសាងនិងស្តារឡើងវិញនៅក្នុងតំបន់ រួមទាំងតំបន់លំនៅដ្ឋានថ្មី ហេដ្ឋារចនាសម្ព័ន្ធសង្គមនិងអប់រំ ផ្ទះសម្បែង សេវាសង្គមនិងសុខាភិបាល។
Mariupol គឺជាទីក្រុងកំពង់ផែដ៏សំខាន់ក្នុងការនាំចូលនិងនាំចេញទំនិញ ព្រមទាំងគ្រាប់ធញ្ញជាតិ ក៏ដូចជាផលិតផលកសិកម្មផ្សេងៗទៀត។ ចំពោះអ៊ុយក្រែន Mariupol ដើរតួនាទីយ៉ាងសំខាន់ក្នុងរបាំងការពារជាតិ។ ទីក្រុងនេះគឺជាចំណុចក្តៅគគុកមួយនៅក្នុងដំណាក់កាលដំបូងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នៅខែកញ្ញាឆ្នាំ ២០២២ រុស្ស៊ីបានប្រកាសដាក់បញ្ចូលតំបន់របស់អ៊ុយក្រែនចំនួន ៤ រួមទាំងតំបន់សាធារណរដ្ឋប្រជាមានិត Donetsk ក្នុងតំបន់ Donbass - ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕