ប្រធានាធិបតីរុស្ស៊ីអះអាង​ថា បានត្រៀមខ្លួនជា​ស្រេច សហប្រតិបត្តិការបន្ថែមទៀតជាមួយលោកខាងលិច

(VOVWORLD) - នាថ្ងៃទី១៥ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងម៉ូស្គូ ក្នុងនោះ មេដឹកនាំរុស្ស៊ីបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ដើម្បីបន្តធ្វើការជាមួយលោកខាងលិចលើបញ្ហាសន្តិសុខ សំដៅកាត់បន្ថយភាពតានតឹងជាមួយអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីអះអាង​ថា បានត្រៀមខ្លួនជា​ស្រេច សហប្រតិបត្តិការបន្ថែមទៀតជាមួយលោកខាងលិច - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបនេះ លោកប្រធានាធិបតី Putin បានលើកច្បាស់ថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការ និងធ្វើកិច្ចសន្ទនាបន្ថែមទៀតជាមួយលោកខាងលិច លើបញ្ហាសន្តិសុខនិងមីស៊ីលរបស់អឺរ៉ុប។ លោកបានអះអាងថា រុស្ស៊ីមិនចង់ឲ្យមានសង្គ្រាមនៅអឺរ៉ុបនោះទេ។

ទាក់ទងនឹងបញ្ហានៅអ៊ុយក្រែន មេដឹកនាំរុស្ស៊ីបានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍នៅតំបន់ Donbass ដោយបានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវដោះស្រាយស្ថានការណ៍កើនឡើងនៃភាពតានតឹងនៅទីនេះ ហើយដំណោះស្រាយទាំងអស់គួរតែផ្អែកលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។

រីឯខ្លួនវិញ អធិការបតីអាល្លឺម៉ង់លោក Scholz បានបញ្ជាក់ថា រុស្ស៊ីគឺជាផ្នែកសំខាន់មួយ ក្នុងការរក្សាសន្តិសុខនៅទ្វីបអឺរ៉ុបនិងសម្រាប់ប្រជាជនអឺរ៉ុប ហើយសន្តិសុខប្រកបដោយនិរន្តរភាពអាចសម្រេចបានស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូប៉ុណ្ណោះ។ ទាក់ទងនឹងការកើនឡើងនៃភាពតានតឹងនៅអ៊ុយក្រែន លោក Scholz សង្ឃឹមថា នឹងស្វែងរកបានដំណោះស្រាយមួយ សម្រាប់វិបត្តិបច្ចុប្បន្នក្នុងពេលឆាប់ៗនេះ បើទោះបីជាមានស្ថានភាពលំបាក និងធ្ងន់ធ្ងរនៅតំបន់ក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា នៅមានជម្រើសការទូតជាច្រើន ដើម្បីបន្ធូរបន្ថយភាពតានតឹងនាបច្ចុប្បន្ន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ