ប្រធានាធិបតីហ្វីលីពីនបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យ
(VOVWORLD) - កាលពីយប់ថ្ងៃទី ៣០ មករា ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos Jr. និងលោកជំទាវ Louise Araneta Marcos បានចាកចេញ ពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមករា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ ជូនដំណើរប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. លោកជំទាវ មុនពេលបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម។ (រូបថត៖ Thong Nhat/TTXVN) |
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ចាប់តាំងពីចូលកាន់តំណែង។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានា
ធិបតីហ្វីលីពីន និងលោកជំទាវបានមកដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលីនៅវិថី Bac Son (ទីក្រុងហាណូយ)។ លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ និងកិច្ចពិភាក្សា ការងារ ធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាមួយប្រធានរដ្ឋវៀតណាម លោក Vo Van Thuong; ជួបសន្ទនាជាមួយលោកនាយក រដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។
នៅក្នុងជំនួបពិភាក្សាការងារនិងជំនួបសន្ទនា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងជាក់ស្ដែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្ររវាងប្រទេសទាំងពីរ; ឯកភាពពង្រឹងនិងពង្រីកភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងបរិបទដែលភាគីទាំងពីរកំពុងឆ្ពោះទៅការរំលឹកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ (២០១៥-២០២៥) និងខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២៦)។ ភាគីទាំងពីរបានឯកភាពពង្រឹងថែម ទៀតនូវទំនុកចិត្តផ្នែកនយោបាយ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ តាមរយៈការរក្សាដំណើរទស្សនកិច្ច និងជំនួប ប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ជាប្រចាំលើគ្រប់កាណាល់ ក៏ដូចជាការផ្លាស់ប្តូរ រវាងប្រជាជនជាមួយប្រជាជនផងដែរ។ ភាគីទាំងពីរសន្យាជំរុញខ្លាំងយន្តការសហ ប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវឯកសារ ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ សេរី ភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ក្នុងឱកាសនេះ ភាគីទាំងពីរ បានចេញសេចក្តីប្រកាសសារព័ត៌មានរួមវៀតណាម-ហ្វីលីពីន។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះផងដែរ លោកប្រធានរដ្ឋ Vo Van Thuong និងលោកប្រធានាធិបតីហ្វីលីពីនបានអញ្ជើញទៅទស្សនាអតីតព្រះបរមរាជវាំង Thang Long; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានាធិបតីហ្វីលីពីនបាន ជួបជាមួយសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ កាលពីយប់ថ្ងៃទី ៣០ ខែមករា លោក ប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីលៀង សាយភោជន៍យ៉ាងឱឡារិកចំពោះលោកប្រធានាធិបតី Ferdinand Marcos Jr. និងលោកជំទាវ៕