ប្រធានាធិបតីអាមេរិក ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Rishi Sunak
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី ២៥ ខែតុលា បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Rishi Sunak ។
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden ក្នុងកិច្ចប្រជុំកំពូល G20។ (រូបថត៖ EPA-EFE) |
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ហើយបានសង្កត់ធ្ងន់លើបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាទាក់ទងនឹងសន្តិសុខ និងវិបុលភាពពិភពលោក។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើសារៈសំខាន់នៃការសម្របសម្រួល សំដៅជួយគាំទ្រអ៊ុយក្រែន និងបង្ខំឲ្យរុស្ស៊ី ទទួលខុសត្រូវចំពោះវិបត្តិនៅអ៊ុយក្រែន ដោះស្រាយបញ្ហាប្រឈមពីប្រទេសចិន និងធានាឱ្យបាននូវប្រភពថាមពលប្រកបដោយនិរន្តរភាព និងមានតម្លៃសមរម្យ។ ភាគីទាំងពីរបានពិភាក្សាលើការប្តេជ្ញារួមគ្នា ដើម្បីការពារសុច្ឆន្ទៈនៃសន្ធិសញ្ញា Good Friday និងតម្រូវការដើម្បីរក្សាសន្ទុះនៃការចរចា ឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ស្តីពីពិធីសារអៀរឡង់ខាងជើងផងដែរ៕