ប្រធានាធិបតី​អាមេរិក​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ហាមប្រាមឬ​រឹតត្បិត​ការ​វិនិយោគ​លើ​​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ប្រទេស​ចិន

(VOVWORLD) - ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃទី ៩ ខែសីហាបានចុះហត្ថលេខាលើក្រឹត្យមួយដែលហាមឃាត់ការវិនិយោគមួយចំនួនរបស់អាមេរិកលើបច្ចេកវិទ្យារសើបនៅក្នុងប្រទេសចិន និងតម្រូវឱ្យមានការរាយការណ៍ដល់រដ្ឋាភិបាលអាមេរិក អំពីសកម្មភាពផ្តល់មូលនិធិនៅក្នុងប្រទេសចិនលើវិស័យបច្ចេកវិទ្យាផ្សេងទៀត។ 
ប្រធានាធិបតី​អាមេរិក​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ហាមប្រាមឬ​រឹតត្បិត​ការ​វិនិយោគ​លើ​​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ប្រទេស​ចិន - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។ រូបថត៖ AFP/TTXVN

ក្រឹត្យនេះបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកហាមឃាត់ ឬដាក់កំហិតលើការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិកចូលអាជីវកម្មនានាក្នុងប្រទេសចិន ដែលប្រតិបត្តិការក្នុងវិស័យចំនួនបី៖ វត្ថុពាក់កណ្តាលចម្លង (semiconductors) និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានQuantum និងប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយចំនួន។ កាយវិការនេះត្រូវបានរំពឹងថានឹងបង្កឱ្យមានភាពតានតឹងរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បើទោះបីជាអាជ្ញាធរអាមេរិកបានទទូចថាការហាមឃាត់មិនបែងចែកខឿនសេដ្ឋកិច្ចទាំងពីរដែលពឹងផ្អែកគ្នាទៅវិញទៅមកនេះទេ។

មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បានកោតសរសើរក្រឹត្យរបស់លោកប្រធានាធិបតី Biden។ ក្នុងពេលជាមួយគ្នានោះ មន្ត្រីរដ្ឋបាលក្រុងវ៉ាស៊ីនតោនម្នាក់បានឲ្យដឹងថា ក្រឹត្យនេះនឹងប៉ះពាល់ដល់ការវិនិយោគនាពេលអនាគតតែប៉ុណ្ណោះ និងមិនប៉ះពាល់ដល់ការវិនិយោគដែលមានស្រាប់នោះទេ។

ស្ថានទូតចិនប្រចាំនៅអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយលើកាយវិការនេះទេ ប៉ុន្តែបាននិយាយកាលពីសប្តាហ៍មុនថា អាមេរិកធ្វើនយោបាយនីយកម្មលើបញ្ហាបច្ចេកវិទ្យានិងពាណិជ្ជកម្ម ហើយប្រើប្រាស់វាជាឧបករណ៍និងអាវុធក្នុងនាមសន្តិសុខជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ