ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើច្បាប់ស្តីពីការបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មធម្មតាជាមួយរុស្ស៊ី
(VOVWORLD) - នៅថ្ងៃទី ៨ ខែមេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ស្តីពីការបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មធម្មតាថ្មីជាមួយរុស្ស៊ី ក្នុងបរិបទដែលជម្លោះក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត។
ការចុះហត្ថលេខាលើច្បាប់នេះនឹងត្រួសត្រាយផ្លូវសម្រាប់សហរដ្ឋអាមេរិកក្នុងការបង្កើនពន្ធនាំចូល។ ចំណាត់ការនេះត្រូវបាននាំចេញបន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសផ្សេងទៀតជាសមាជិកក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) កាលពីខែមីនា បានឯកភាពគ្នាអនុវត្តន៍ការបោះជំហានដើម្បីដកហូតឋានៈជា "ប្រទេសដែលបានទទួលការអនុគ្រោះពាណិជ្ជកម្មបំផុត (MFN)" របស់រុស្ស៊ី។ កាលពីមុន ទីក្រុងម៉ូស្គូទទួលបានអត្រាពន្ធទាប ក៏ដូចជាអត្ថប្រយោជន៍ផ្សេងទៀត ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
នៅថ្ងៃទី ៨ ខែមេសានេះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការនាំចូលផលិតផលថាមពលពីរុស្ស៊ីផងដែរ។ លោកបានចុះហត្ថលេខាលើក្រឹត្យហាមឃាត់ប្រេងរ៉ែ ឧស្ម័នធម្មជាតិរាវ ធ្យូងថ្ម និងផលិតផលថាមពលផ្សេងទៀតរបស់រុស្ស៊ី។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Biden ក៏បានកំណត់ជើងហោះហើរមួយចំនួនដែលប្រើប្រាស់យន្តហោះផលិតដោយក្រុមហ៊ុនអាមេរិក ប៉ុន្តែមានម្ចាស់និងអ្នកជួលជនជាតិបេឡារុស្ស ហោះហើរទៅកាន់ប្រទេសបេឡារុស្ស។ ក្រសួងពាណិជ្ជកម្មអាមេរិកក៏បានប្រកាសផងដែរថា នឹងទាមទារឱ្យប្រជាពលរដ្ឋរុស្ស៊ីនិងបេឡារុស្ស ត្រូវមានឯកសារពិសេស ប្រសិនបើមានបំណងចង់ទិញទំនិញពីអ្នកផ្គត់ផ្គង់អាមេរិក៕