ប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំង

(VOVWORLD) - យោងតាមសេចក្តីប្រកាសរបស់សេតវិមាន (អាមេរិក) និងការិយាល័យប្រធានាធិបតីបារាំង នាថ្ងៃទី ៣០ ខែឧសភា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមកបំពេញទស្សនកិច្ចនៅប្រទេសបារាំងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមិថុនា។

ជាក់ស្តែង តាមការគ្រោងទុក ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងពិភាក្សាជាមួយសមភាគីអាមេរិកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច អវកាស និងនុយក្លេអ៊ែរ។ មេដឹកនាំបារាំង និងអាមេរិកទាំងពីរក៏នឹងពិភាក្សាអំពីការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាសកល និងរៀបចំខ្លឹមសារសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនាពេលខាងមុខ ជាពិសេសកិច្ចប្រជុំកំពូល G7 នៅទីក្រុងបារី ប្រទេសអ៊ីតាលី នៅពាក់កណ្តាលខែមិថុនា និងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងខែកក្កដា។

ប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំង - ảnh 1ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីបារាំង Emmanuel Macron ក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ រូបថត៖ Le Monde

មុននោះ ប្រធានាធិបតីអាមេរិក Joe Biden និងលោកជំទាវនឹងចំណាយពេលពីរថ្ងៃ គឺថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមិថុនា នៅតំបន់ Normandy ភាគពាយព្យនៃប្រទេសបារាំង ដើម្បីចូលរួមនិងថ្លែងសុន្ទរកថានៅទិវា D-Day រំលឹកខួបលើកទី ៨០ឆ្នាំ ដែលកងទ័ពសម្ព័ន្ធមិត្តបានប្រតិបត្តិការឡើងគោក Normandy ដែលជាព្រឹត្តិការណ៍ត្រួសត្រាយផ្លូវសម្រាប់ការរំដោះបារាំងនិងអឺរ៉ុបនៅក្នុងសង្គ្រាមលោកលើកទីពីរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងថា ក្រៅពីប្រធានាធិបតីអាមេរិក ប្រមុខប្រទេសអឺរ៉ុបភាគច្រើនដែលបានចូលរួមក្នុងការរំដោះបារាំងក៏នឹងចូលរួមព្រឹត្តិការណ៍នេះផងដែរ រួមទាំងព្រះមហាក្សត្រអង់គ្លេស Charles III និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zélénsky ប៉ុន្តែនឹងមិនមានវត្តមានគណៈប្រតិភូរុស្ស៊ីនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ