ប្រធានាធិបតីអ៊ុយក្រែន ប៉ូឡូញ និង​លីទុយអានី ពិភាក្សាអំពីបញ្ហាសន្តិសុខ

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែមិថុនា នៅទីក្រុងគៀវ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបជាមួយសមភាគីប៉ូឡូញលោក Andrzej Duda និងលីទុយអានី លោក Gitanas Nauseda ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នៅក្នុងជំនួបនេះ បណ្តាមេដឹកនាំបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ និង ១២ ខែកក្កដា នៅទីក្រុង Vilnius (លីទុយអានី)។ លោកប្រធានាធិបតី Zelensky សង្ឃឹមថា សន្និសីទនេះនឹងមានការសម្រេច ជួយសម្រួលដល់អ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ។

រីឯខ្លូនវិញ ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានអះអាងពីការគាំទ្រចំពោះអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ហើយបានចាត់ទុកថាកិច្ចប្រជុំកំពូលVilniusនឹងជួយពន្លឿនដំណើរការនេះ។ ទន្ទឹមនឹងនោះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្នុងដំណើរការក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូគឺជាភារកិច្ចសំខាន់បំផុតមួយនៃកិច្ចប្រជុំកំពូល។ លើសពីនេះទៀត មេដឹកនាំទាំង៣រូបក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនដើម្បីចូលរួមសហភាពអឺរ៉ុប (EU) ក៏ដូចជាដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ