ប្រធានាធិបតីអ៊ុយក្រែនលើកសំណើរជួបធ្វើការជាមួយប្រធានាធិបតីរុស្ស៊ី
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានសង្កត់ធ្ងន់ថា ទីក្រុង Kiev មានគោលបំណងចង់ទទួលបានដំណោះស្រាយការទូត ជំនួសឱ្យជម្លោះយោធាចំពោះវិបត្តិបច្ចុប្បន្ន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (រូបថត៖ AFP/VNA) |
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខទីក្រុង Munich (MSC) នៅទីក្រុង Munich រដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថាលោកមានគោលបំណងចង់ជួបធ្វើការជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីពិភាក្សាអំពីវិធានការនានាដើម្បីបញ្ចៀសហានិភ័យនៃជម្លោះ។ ប្រធានាធិបតី លោក Zelensky បានសង្កត់ធ្ងន់ថា ទីក្រុង Kiev មានគោលបំណងចង់ទទួលបានដំណោះស្រាយការទូត ជំនួសឱ្យជម្លោះយោធាចំពោះវិបត្តិបច្ចុប្បន្ន។ មុននេះ ក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅក្នុងទីក្រុង Munich ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក៏បាននិយាយថា អ៊ុយក្រែនកំពុងស្វែងរកសន្តិភាព។
ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថាមាន "សញ្ញាសំខាន់ៗ" ដែលបង្ហាញថានៅតែមានឱកាសដើម្បីដោះស្រាយស្ថានការណ៍តានតឹងនាពេលបច្ចុប្បន្នជាមួយរុស្ស៊ីតាមរយៈការទូតផងដែរ៕