ប្រធានាធិបតីអ៊ីរ៉ង់បានស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នាថ្ងៃទី ២០ ខែឧសភា បានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតីនៃប្រទេសនេះ លោក Ebrahim Raisi និងប្រតិភូអមដំណើរ រួមទាំងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានទទួលមរណភាពក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅភាគពាយព្យនៃប្រទេសនេះ។
ព័ត៌មានអំពីការស្លាប់របស់លោក Ebrahim Raisi ត្រូវបានបញ្ជាក់ដោយអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohsen Mansouri នាព្រឹកថ្ងៃទី២០ ឧសភា បន្ទាប់ពីការស្វែងរកអស់រយៈពេលជាច្រើនម៉ោង នៅកន្លែងកើតមានឧប្បត្តិហេតុនេះ។ មុននោះ នារសៀលថ្ងៃទី ១៩ ឧសភា ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងប្រតិភូអំដំណើររួមទាំងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ស្រាប់តែបាត់ការទាក់ទង ខណៈដែលកំពុងធ្វើដំណើរពី Khoda Afarin ជាកន្លែងដែលលោក Raisi ចូលរួមពិធីសម្ពោធទំនប់ទឹកជាមួយសមភាគី Azerbaijani លោក Ilham Aliyev ទៅកាន់ទីរួមខេត្ត Tabriz ដើម្បីចូលរួមពិធីសម្ពោធមណ្ឌលគីមីឥន្ធនៈមួយ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក្នុងសុន្ទរកថាប្រចាំឆ្នាំដែលត្រូវបានចាក់ផ្សាយទូទាំងប្រទេស ក្នុងទីក្រុង Tehran កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN |
បន្ទាប់ពីព័ត៌មានអំពីមរណភាពរបស់លោក Ebrahim Raisi ត្រូវបានបញ្ជាក់នោះ ប្រជាជនអ៊ីរ៉ង់ជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខ៖
“នេះពិតជាដំណឹងដ៏សោកសៅ មិនត្រឹមតែសម្រាប់រូបខ្ញុំប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសនេះទៀតផង។ លោកគឺជាប្រធានាធិបតីដែលត្រូវបានប្រជាជនអ៊ីរ៉ង់បោះឆ្នោតជ្រើសរើស។ យើងទាំងអស់គ្នា ពិតជាសោកសៅខ្លាំងណាស់” ។
"នៅពេលដែលឧប្បត្តិហេតុបានកើតឡើងកាលពីម្សិលមិញ ហើយនៅពេលដែលព័ត៌មានត្រូវបានបញ្ជាក់នាថ្ងៃនេះ យើងមានអារម្មណ៍ដូចជាយើងបានបាត់បង់ប្រភពនៃការគាំទ្រដ៏សំខាន់មួយ" ។
មានប្រតិកម្មចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក្នុងឧបទ្ទវហេតុនេះ មេដឹកនាំប្រទេសជាច្រើនដូចជា UAE កាតា ទួរគី ឥណ្ឌា រុស្ស៊ី ចិន... បានសម្តែងការរំលែកទុក្ខរបស់ខ្លួន។ ប្រទេសលីបង់បានប្រកាសចាប់ផ្តើមការកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២០ ឧសភា ដើម្បីរំលឹកដល់លោក Raisi ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានសម្តែងការរំលែកទុក្ខ និងបានឲ្យដឹងថា អឺរ៉ុបបានត្រៀមខ្លួនជាស្រេចសម្រាប់ជួយអ៊ីរ៉ង់បង្កើតផែនទីផ្កាយរណប ដើម្បីធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបានដំណឹងអំពីឧបទ្ទវហេតុនេះ ប៉ុន្តែមិនទាន់ធ្វើប្រតិកម្មនៅឡើយទេ ខណៈដែលអាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ថា ប្រទេសនេះមិនពាក់ព័ន្ធនឹងឧបទ្ទវហេតុនោះទេ៕