ប្រធានបទសំខាន់ៗនៃការជជែកដេញដោលដោយផ្ទាល់លើកដំបូងរវាងបេក្ខជនប្រធានាធិបតីអាមេរិកពីររូប
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែមិថុនា (ម៉ោងនៅឆ្នេរខាងកើតសហរដ្ឋអាមេរិក) ប្រធានាធិបតីអាមេរិក លោក Joe Biden បេក្ខជននៃគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតី លោក Donald Trump បេក្ខជននៃគណបក្សសាធារណរដ្ឋ មានវត្តមាននៅទីក្រុង Atlanta រដ្ឋ Georgia ដើម្បីចូលរួមនៅក្នុង ការជជែកដេញដោលដោយផ្ទាល់ជាលើកដំបូង រវាងបេក្ខជនប្រធានាធិបតីឆ្នាំ ២០២៤។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រធានាធិបតីចូលរួមជជែកដេញដោលដោយផ្ទាល់ជាមួយអតីតប្រធានាធិបតី ក្នុងក្របខ័ណ្ឌនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក Joe Biden បេក្ខជននៃគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតី លោក Donald Trump បេក្ខជននៃគណបក្សសាធារណរដ្ឋ។ រូបថត៖ Getty Images/TTXVN |
ប្រធានបទសំខាន់ៗនៃការជជែកដេញដោលក្នុងជុំទីមួយ គឺចាប់ពីគោលនយោបាយក្នុងស្រុក ដូចជា៖ ប្រសិទ្ធភាពនៃការគ្រប់គ្រងសេដ្ឋកិច្ច អតិផរណា ជនអន្តោប្រវេសន៍ ការរំលូតកូន សុខភាពរបស់បេក្ខជន រហូតដល់បញ្ហាកិច្ចការបរទេស ដូចជា៖ ទស្សនៈស្តីពីវិបត្តិនៅមជ្ឈិមបូព៌ា ជម្លោះនៅអ៊ុយក្រែន ឬជម្លោះរវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាស។ល។
លទ្ធផលស្ទង់មតិដែលបានចេញផ្សាយនៅមុនការជជែកដេញដោលដោយផ្ទាល់បានបង្ហាញថា បេក្ខជនទាំងពីរមានអត្រាគាំទ្រប្រកៀកប្រកិតគ្នា។ យោងតាមការស្ទង់មតិរួមគ្នារបស់ New York Times / Siena College អតីតប្រធានាធិបតី Trump កំពុងនាំមុខគេក្នុងអត្រាគាំទ្រទូទាំងប្រទេសដោយមានអត្រាគាំទ្រ ៤៩% បើប្រៀបធៀបទៅនឹងអត្រាគាំទ្រ ៤៧% របស់ប្រធានាធិបតីបច្ចុប្បន្ន Biden ៕