ប្រធានប្រតិបត្តិ WEF ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ទីក្រុង Tianjin នារសៀលថ្ងៃ ២៦ មិថុនានេះ នៅទីក្រុង Tianjin ប្រទេសចិន នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF (រូបថត៖ VOV) |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមស្នើឱ្យ WEF បន្តរួមដំណើរជាមួយវៀតណាម បន្តគាំទ្រការតភ្ជាប់ជាមួយអង្គភាពអាជីវកម្មជាសមាជិក WEF ដើម្បីជួយវៀតណាមទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ WEF ចែក រំលែកអំពីនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក ណែនាំអំពីគោលនយោបាយជួយ វៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែង កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងសម្របខ្លួនទៅនឹងបទប្បញ្ញត្តិ និងនិន្នាការថ្មី។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញសាស្ត្រាចារ្យ Klaus Schwab មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ហើយសាស្ត្រាចារ្យ Schwab បានទទួលយកដោយរីករាយ។
រីឯខ្លួនវិញ សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF បានឲ្យដឹងថា ការចូលរួម និងការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំនេះនឹងនាំមកនូវរឿងរ៉ាវស្តារសេដ្ឋកិច្ចប្រកបដោយសុទិដ្ឋិនិយម ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ សាស្ត្រាចារ្យ Klaus Schwab ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ស្របតាមលក្ខខណ្ឌរបស់វៀតណាម និងចំណុចខ្លាំងរបស់ WEF។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងសាស្ត្រាចារ្យ Klaus Schwab បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ MOU កិច្ចសហប្រតិបត្តិការវៀតណាម - WEF ដំណាក់កាល ២០២៣-២០៣៦។ ការចុះហត្ថលេខាលើ MOU ជួយវៀតណាមទទួលបានធនធាន និងបទពិសោធន៍ ក៏ដូចជាចូលរួមក្នុងកម្មវិធីសកលរបស់ WEF ដោយហេតុនេះ បង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបសមកាលកម្ម ដើម្បីជំរុញរាល់កម្លាំងកំណើនថ្មី និងទាក់ទាញការវិនិយោគ បង្កើនសមត្ថភាពប្រកួតប្រជែងជាតិ៕