ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់បោះឆ្នោតនៅទីក្រុងហូជីមិញ
(VOVWORLD) - កម្មវិធីនេះត្រូវបានរៀបចំឡើងតាមទម្រង់អ៊ិនធឺរ ណែត ផ្សាយចេញពីស្រុក Cu Chi តភ្ជាប់ទីតាំងឃុំមួយចំនួន។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិ ចេញផ្សាយពីទីរួមស្រុក Cu Chi (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ១១ ខែតុលា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញ អង្គភាពលេខ ១០ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់បោះឆ្នោតនៅស្រុក Cu Chi។ កម្មវិធីនេះត្រូវបានរៀបចំឡើងតាមទម្រង់អ៊ិនធឺរណែត ផ្សាយចេញពីស្រុក Cu Chi តភ្ជាប់ទីតាំងឃុំមួយចំនួន។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូរដ្ឋសភាទីក្រុង ហូជីមិញ ដែលបានរៀបចំកិច្ចប្រជុំពិសេសជាមួយម្ចាស់បោះឆ្នោតដើម្បីស្តាប់គំនិតនិងបំណងប្រាថ្នារបស់ជួរកម្មាភិបាល វេជ្ជបណ្ឌិត ដែលតាមនោះ រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋនិងទីក្រុង ហូជីមិញ ស្វែងរកដំណោះស្រាយ សំដៅជម្នះការលំបាកនិងថែរក្សាសុខភាពប្រជាជនប្រ កបដោយប្រសិទ្ធភាពបំផុត ក្នុងគោលបំណងស្ថិរភាពសេដ្ឋកិច្ចនិងសង្គមបន្ទាប់ពីជំងឺរាតត្បាត កូវីដ -១៩។ លោកប្រធានរដ្ឋបាននិយាយថា ប្រទេសវៀតណាមមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាកគ្រប ដណ្តប់ ៧០% នៃចំនួនប្រជាជននាពេលអនាគត ដូច្នេះ លោកប្រធានរដ្ឋបានយល់ព្រមជាមួយការកែសម្រួលយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលពី “សូន្យកូវីដ” (គ្មានករណី Covid-១៩) ដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិភាពជាមួយការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូនៅទីតាំងប្រជុំទីរួមស្រុក Cu Chi (រូបថត៖ TTXVN) |
ទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់កុមារ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ការចាក់វ៉ាក់សាំងឱ្យកុមារដើម្បីទៅសាលារៀនគឺជាបញ្ហាដែលត្រូវបានបក្ស រដ្ឋផ្តោតការយកចិត្តទុកដាក់ជាពិសេស។ បច្ចុប្បន្នក្រសួងសុខាភិបាលនិងក្រុមប្រឹក្សាអ្នកជំនាញអំពីវ៉ាក់សាំងបានផ្តល់អនុសាសន៍ស្តីពីការចាក់វ៉ាក់សាំងដល់មនុស្សអាយុក្រោម ១៨ ឆ្នាំ ដោយខិតខំចាក់វ៉ាក់សាំងនៅចុងខែតុលានិងដើមខែវិច្ឆិកាសម្រាប់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំ។ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅគុយបា យើងបានទិញវ៉ាក់សាំងចំនួន ៥ លានដូសសម្រាប់មនុស្សធំនិង ៥ លានដូសសម្រាប់កុមារ។ នៅពេលខ្ញុំមកដល់អាមេរិក ខ្ញុំបានទៅទស្សនាក្រុមហ៊ុន Pfizer, ប្រធានក្រុមហ៊ុនបាននិយាយថា ជាលើកដំបូងដែលមានប្រមុខរដ្ឋមកទស្សនាលើកទឹកចិត្តនិងគៀរគរវ៉ាក់សាំងសម្រាប់ប្រជាជនខ្លួន។ Pfizer បានសន្យាថា នឹងផ្តល់វ៉ាក់សាំងចំនួន ២០ លានដូសសម្រាប់កុមារផងដែរ”។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឯកភាពជាមួយម្ចាស់បោះឆ្នោតអំពីតម្រូវការលើកកម្ពស់សង្គមបនីយកម្ម ក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត; បង្កើនធនធានវិនិយោគលើវិស័យសុខាភិបាលដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក្នុងការថែរក្សាសុខភាពសម្រាប់ប្រជាជន៕