ប្រធានរដ្ឋ លោក Vo Van Thuong៖ បន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា

(VOVWORLD) - ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រវៀតណាមក្នុងវេទិកាអន្តរជាតិ និងតំបន់។
ប្រធានរដ្ឋ លោក Vo Van Thuong៖ បន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា - ảnh 1លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន (រូបថត៖ vna)

នារសៀលថ្ងៃទី២១ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធានសម័យប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជាស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។ នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងជានិច្ចនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ លោកប្រធានបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តរក្សាទំនាក់ទំនងនយោបាយល្អ ជំរុញ និងអនុវត្តន៍ឲ្យបានល្អនូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងទំនាក់ទំនងលើគ្រប់បណ្តាញ; លោកបានស្នើឱ្យភាគីកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋ ដើមកំណើតវៀតណាមមករស់នៅ ធ្វើការ និងសិក្សានៅកម្ពុជា។

ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រវៀតណាមក្នុងវេទិកាអន្តរជាតិ និងតំបន់។

នាថ្ងៃដដែល ថ្លែងមតិក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួម។ លើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវល្បឿនលឿន និងច្រកព្រំដែន; ជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពលបៃតង; គាំទ្រគ្នាទៅវិញទៅមក ដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ ទន្ទឹមនឹងនោះ សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games 32) ប្រកបដោយជោគជ័យ និងការបោះឆ្នោតរដ្ឋសភានីតិកាលទី៧។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកម្ពុជាបង្កើតលក្ខខ័ណ្ឌអំណោយផល និងដោះស្រាយការលំបាកសម្រាប់សហគមន៍វៀតណាមនៅកម្ពុជា។

នារសៀលថ្ងៃដដែល នៅទីស្នាក់ការគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម  ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ