ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko
(VOVWORLD) - នារសៀលថ្ងៃទី ១០ តុលា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោកស្រី Kamikawa Yoko ដែលមកបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃនេះ និងថ្ងៃស្អែក (១០-១១ តុលា)។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko (រូបថត៖ Thong Nhat/TTXVN) |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ជប៉ុនគឺជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាម ហើយប្រទេសទាំងពីរមានសក្កានុពលជាច្រើន ដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម - ជប៉ុនឲ្យខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ។ លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការបង្រួបបង្រួម និងលើកកំពស់ទំនុកចិត្តនយោបាយ; ផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កម្លាំងពលកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងការបណ្តុះបណ្តាលធនធានមនុស្ស។ លោកប្រធានរដ្ឋបានស្នើឱ្យជប៉ុនបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សហគមន៍វៀត ណាមក្នុងការរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសនេះ។
ចំណែកលោកស្រីរដ្ឋមន្ត្រី Kamikawa Yoko បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានបំពេញលក្ខខណ្ឌយ៉ាងពេញលេញ ដើម្បីនាំទំនាក់ទំនងទៅកាន់កម្រិតថ្មីមួយ; សង្ឃឹម ថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ ស្របពេលដែលមានការពង្រីកទៅក្នុងវិស័យថ្មីដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ...។
លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយជប៉ុន ដើម្បីរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី Kamikawa Yoko បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅវេទិកាពហុភាគី លើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕