ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញផ្ញើសារទៅកាន់មហាសន្និបាត AIPA-៤៤
(VOVWORLD) - ក្នុងឱកាសបើកមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី៤៤ (AIPA-៤៤) ក្រោមប្រធានបទ “សភាឆ្លើយតបយ៉ាងសកម្មដើម្បីអាស៊ានមួយ ស្ថិរភាព និងវិបុលភាព” នាថ្ងៃ ទី៧ សីហា លោកប្រធានរដ្ឋ Vo Van Thuong បានផ្ញើសារទៅកាន់មហាសន្និបាត AIPA-៤៤។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូវៀតណាមបានចូលរួមពិធីបើក AIPA-44 (រូបថត៖ Doan Tan/TTXVN) |
លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះការអភិវឌ្ឍដ៏រឹងមាំ និងការចូលរួមចំណែកជាក់ស្តែងរបស់ AIPA ក្នុងដំណើរការកសាងសហគមន៍អាស៊ានដែលមានសាមគ្គីភាព និងឯកភាពគ្នា ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជន និងប្រទេសជាតិ។ លោកប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ AIPA និងសភាសមាជិកដែលតែងតែអមដំណើរ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានក្នុងការជម្នះភាពចលាចល និងបញ្ហាប្រឈមជាច្រើន ដើម្បីក្លាយជាអង្គការសាមគ្គី រឹងមាំ មានតួនាទី និងឋានៈកាន់តែខ្ពស់ក្នុងតំបន់និងឆាកអន្តរជាតិ។ ដោយស្វាគមន៍ចំពោះប្រធានបទនៃមហាសន្និបាត AIPA-៤៤ លោកប្រធានរដ្ឋសង្ឃឹមថា AIPA នឹងបន្តជួយដល់អាស៊ានដើម្បីទទួលបានជោគជ័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី នីតិរដ្ឋ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ និងពិភពលោក។
ក្នុងឱកាសនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តចូលរួមយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវនៅគ្រប់វេទិការ ហើយមានជំនឿថា មហាសន្និបាត AIPA-៤៤ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាពុំខាន៕