ប្រធានរដ្ឋចិនបានឡើងសំឡេងជាលើកដំបូង អំពីជម្លោះនៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ១៩ តុលា ប្រធានរដ្ឋចិនលោក Xi Jinping បានបង្ហាញគោលជំហររបស់ខ្លួនជាលើកដំបូង ចំពោះស្ថានភាពប៉ាឡេស្ទីន-អ៊ីស្រាអែលនាបច្ចុប្បន្ន។ សេចក្តីប្រកាសនេះ ត្រូវបានប្រធានរដ្ឋចិន លោក Xi Jinping លើកឡើងក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly នៅទីក្រុងប៉េកាំង។
ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា អាទិភាពចម្បងនាបច្ចុប្បន្នគឺមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជៀសវាងការរីករាលដាលនៃជម្លោះ ឬសូម្បីតែហួសពីការគ្រប់គ្រង និងបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។
ប្រធានរដ្ឋចិន លោក Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៩ ខែតុលា។ រូបថត៖ ស៊ីនហួ |
យោងតាមប្រធានរដ្ឋចិន ច្រកចេញស្នូលក្នុងការដោះស្រាយជម្លោះរវាងភាគីទាំងពីរ គឺអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” ដោយបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ និងឈានដល់ការរួមរស់ប្រកបដោយសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ លោកក៏បានអះអាងថា ចិនគាំទ្រការខិតខំប្រឹងប្រែងរបស់អេហ្ស៊ីបក្នុងការបើកច្រករបៀងមនុស្សធម៌ ហើយបានត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការសម្របសម្រួលជាមួយអេហ្ស៊ីប និងបណ្តាប្រទេសអារ៉ាប់ ដើម្បីជំរុញដំណោះស្រាយគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និងយូរអង្វែងសម្រាប់បញ្ហាប៉ាឡេស្ទីន។ នេះជាលើកដំបូងដែលប្រធានរដ្ឋចិនបានឡើងសម្លេងជាសាធារណៈអំពីស្ថានភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន ក្រោយរយៈពេលជិត២សប្ដាហ៍កើតមានជម្លោះរវាងអ៊ីស្រាអែលនិងកងកម្លាំងហាម៉ាស។ បច្ចុប្បន្ននេះ ចិនក៏បានបញ្ជូនបេសកជនពិសេសទៅកាន់មជ្ឈឹមបូព៌ា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងការទូត កាត់បន្ថយភាពតានតឹង និងបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា៕