ប្រធានរដ្ឋលោក Vo Van Thuong បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល APEC ២០២៣ និងរួមបញ្ចូលគ្នានូវសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែតុលា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ និងរួមបញ្ចូលនូវសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ។
ក្នុងរយៈពេល ៤ ថ្ងៃនៅសហរដ្ឋអាមេរិក ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong មានសកម្មភាពជិត ២៥ ជាបន្តបន្ទាប់។ អមដំណើរប្រធានរដ្ឋក្នុងដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំក្រសួង ស្ថាប័នវៀតណាមក៏មានកិច្ចប្រជុំទ្វេភាគីជាច្រើនក្នុងឱកាសនេះដែរ។
ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយាឡើងយន្តហោះ វិលត្រឡប់ទៅប្រទេសវិញ។ រូបថត៖ TTXVN |
នៅក្នុងសម័យប្រជុំសំខាន់ៗក្នុងក្របខ័ណ្ឌនៃសប្តាហ៍កំពូល APEC ប្រធានរដ្ឋលោក Vo Van Thuong បានលើកឡើងនូវបញ្ហាប្រឈម ឱកាស និងជម្លោះនៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន ព្រមទាំងស្នើដំណោះស្រាយជាច្រើនដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នៅខាងក្រៅព្រឹត្តិការណ៍ APEC ប្រធានរដ្ឋបានជួបប្រាស្រ័យទ្វេភាគីជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន។ ជំនួបសន្ទនាទាំងនេះ សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយប្រទេសនានា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុង APEC។
នៅសហរដ្ឋអាមេរិក ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក៏បានធ្វើសកម្មភាពជាច្រើនដើម្បីជំរុញនិងអនុវត្តន៍ជាក់ស្តែងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក ដែលទើបនឹងបានបង្កើតឡើងនាខែកញ្ញាកន្លងទៅ។ ទន្ទឹមនឹងនោះ នៅទីក្រុង San Francisco លោកប្រធានរដ្ឋបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក អញ្ជើញទៅសួរសុខទុក្ខក្រុមគ្រួសារលោក Pham Van Tich អាណិកជនវៀតណាមស្នេហាជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកផងដែរ៕