ប្រធានរដ្ឋលោក Vo Van Thuong បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអូទ្រីស ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងទស្សនាបុរីវ៉ាទីកង់
(VOVWORLD) - ជាមួយនឹងសកម្មភាពជិត ២០ ចាប់ពីថ្ងៃទី ២៣-២៥ខែកក្កដា នៅវេលាម៉ោង ១៥:០០ រសៀល (ថ្ងៃទី ២៥ ខែកក្កដា ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយាបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋអូទ្រីស តបតាមការអញ្ជើញរបស់ប្រធានាធិបតីអូទ្រីស Alexander Van der Bellen។
លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយាបានចាប់ផ្តើមកម្មវិធីនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋអ៊ីតាលី និងបុរីវ៉ាទីកង់ (រូបថត៖ VOV) |
នៅម៉ោងប្រមាណ ១៦:៣០នាទី នាថ្ងៃដដែល (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Fiumicino ទីក្រុង Rome ដើម្បីចាប់ផ្តើមកម្មវិធីនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអ៊ីតាលី និងទៅទស្សនាបុរីវ៉ាទីកង់ តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី Sergio Mattarella និងសម្តេចប៉ាប Francis។
ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong នៅអ៊ីតាលីបានប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមនិងអ៊ីតាលីប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣)។
បន្ទាប់ពីមកដល់ប្រទេសអ៊ីតាលី ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មាភិបាលនិង បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Rome និងអាណិកជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីតាលី។ ជំនួបនេះក៏មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ សមាជិកអង្គការមិត្តភាព និងមិត្តភក្តិអ៊ីតាលីដែលមានភក្តីភាពជាមួយវៀតណាមផងដែរ។ នៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ក្នុងចំណោមសមិទ្ធិផលរួមរបស់ប្រទេសក្នុងរយៈពេលកន្លងមក មានការចូលរួមចំណែកសំខាន់ៗរបស់សហគមន៍ជនវៀតណាមនៅឯបរទេស; រួមទាំងអាណិកជនវៀតណាមកំពុងរស់នៅអ៊ីតាលី និងដោយមានការគាំទ្រ និងជំនួយពីមិត្តភក្តិអន្តរជាតិ ក្នុងនោះមានមិត្តភក្តិអ៊ីតាលីដែលស្និទ្ធនឹងវៀតណាម។ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖ “បក្ស និងរដ្ឋតែងតែចាត់ទុកជនជាតិវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីប្រជាជាតិវៀតណាម; រំពឹងថា ជន ជាតិវៀតណាមនៅបរទេសនឹងសម្របខ្លួនយ៉ាងល្អក្នុងសង្គមម្ចាស់ផ្ទះ មានឋានៈស្របច្បាប់ មានសេដ្ឋកិច្ចស្ថិរភាព រស់នៅដោយរាប់អានគ្នា គាំទ្រ និងចេះអាណិតអាសូរគ្នាទៅវិញទៅមក។ ជាមួយគ្នានោះ ត្រូវមានសកម្មភាពជាច្រើនឆ្ពោះទៅមាតុប្រទេស និងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ ដើរតួជាស្ពានធ្វើឱ្យទំនាក់ទំនងរវាងវៀតណាមកាន់តែស៊ីជម្រៅជាមួយប្រទេសម្ចាស់ផ្ទះ ដែលនៅទីនេះគឺប្រទេសអ៊ីតាលីផងដែរ”។
ក្នុងដំណើរទស្សនកិច្ចនៅអ៊ីតាលី លោកប្រធានរដ្ឋ Vo Van Thuong និងប្រធានាធិបតី Sergio Mattarella នឹងជួបពិភាក្សាគ្នា។ លោកប្រធានរដ្ឋក៏នឹងមានកិច្ចប្រជុំសំខាន់ៗជាមួយនាយករដ្ឋមន្ត្រី Giorgia Meloni និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ជួបជាមួយប្រធានសភា Lorenzo Fontana; ជួបជាមួយអភិបាលក្រុង Rome ចូលរួមការប្រគុំតន្ត្រីដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងអ៊ីតាលី។ ប្រធានរដ្ឋលោក Vo Van Thuong ក៏នឹងទៅទស្សនាទីក្រុង Florence និងជួបជាមួយអភិបាលក្រុង; ជួបជាមួយអភិបាលតំបន់ Tuscany។ លោកប្រធានរដ្ឋក៏នឹងមានកិច្ចប្រជុំជាមួយអគ្គលេខាបក្សកុម្មុយនិស្តអ៊ីតាលី និងថ្នាក់ដឹកនាំនៃអង្គការមួយចំនួនទៀត៕