ប្រធានរដ្ឋវៀតណាម ចិន និងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីតអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃក្នុងឱកាសសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២២
(VOVWORLD) - នាថ្ងៃទី ៨ ខែវិច្ឆិកា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានឲ្យដឹងថា៖ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc; ប្រធានរដ្ឋចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីតនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃក្នុងឱកាសសប្ដាហ៍កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ (ថ្ងៃទី ១៨-១៩ ខែវិច្ឆិកា)។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri។ (រូបថត៖ ThaiGov) |
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាម ចិន និងអារ៉ាប់ប៊ីសាអូឌីត នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha នឹងរៀបចំបណ្ដាជំនួបជាមួយប្រធានរដ្ឋវៀតណាម ចិន និងនាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។
ទាក់ទងនឹងសប្តាហ៍កិច្ចប្រជុំកំពូល APEC លោក Anucha បានឲ្យដឹងថា រហូតមកដល់ពេលនេះ មេដឹកនាំជាន់ខ្ពស់នៃខឿនសេដ្ឋកិច្ចសមាជិកចំនួន ១៥ បានញ្ជាក់ពីការចូលរួមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិកស៊ិក និងតៃវ៉ាន់ (ចិន) នឹងបញ្ជូនតំណាងទៅចូលរួម។ ក្រៅពីនោះ នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីបារាំងនឹងចូលរួមសកម្មភាពនានាក្នុងសប្តាហ៍កិច្ចប្រជុំកំពូល APEC ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រទេសម្ចាស់ផ្ទះ៕